Connect with us

អ្នកជំនាញ ៖ កម្ពុជា ត្រូវការពង្រឹងបន្ថែមទៀតនូវសុវត្ថិភាពតាមការដ្ឋានសំណង់នានា

ភ្នំពេញ ៖ អ្នកជំនាញសំណង់ និង អចលនទ្រព្យនៃសភាពាណិជ្ជកម្មអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា បានលើកឡើងថា វិស័យសំណង់នៅកម្ពុជា កំពុងមានភាពរីកចម្រើន ប៉ុន្តែគោលការណ៍សុវត្ថិភាព នៅតាមការដ្ឋាន នៅមិនទាន់បានអនុវត្តពេញលេញនោះទេ ។ ទោះយ៉ាងណា លោកមើលឃើញ ថា ក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីពង្រឹងសុវត្ថិភាពនៅតាមការ ដ្ឋាននានា ដោយត្រូវការពេលវេលាបន្ថែមទៀត ។
ថ្លែងក្នុងកិច្ចពិភាក្សាសារព័ត៌មានស្តីពី ធុរកិច្ច និង សុវត្ថិភាពបុគ្គលិកការដ្ឋាន ដែលរៀបចំឡើង ដោយក្លិបអ្នកកាសែតកម្ពុជា និងសហភាពអ៊ឺរ៉ុប នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ លោក Michel Cassagnes ( មីសហ្សែល កាស្សាញ) ប្រធានគណកម្មការផ្នែកសំណង់ និង អចលនទ្រព្យ នៃសភាពពាណិជ្ជកម្មអឺរ៉ុប និង ជានាយកក្រុមហ៊ុន Archetype Cambodia បានអោយដឹងថា វិស័យ សំណង់នៅកម្ពុជា បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចជាតិ ។


ប៉ុន្តែបើយើងក្រឡេកមើលពីសុវត្ថិភាពនៅតាមការដ្ឋានសំណង់វិញ ហាក់នៅមិនទាន់បានបំពេញ តាមលក្ខខណ្ឌតម្រូវអោយបានត្រឹមត្រូវ និងល្អប្រសើរនៅឡើយនោះទេ បើធៀបទៅនឹងប្រទេស ជិតខាង ដូចជា វៀតណាម និង ប្រទេសថៃ ដែលគេបានដើរមុនកម្ពុជា ។
លោក ក៏បានមើលឃើញផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សុវត្ថិភាពនៅ តាមការដ្ឋានទាំងនោះ ។ រហូតមកទល់ពេលនេះ មិនទាន់ឃើញមានការកត់ត្រានូវរបាយការណ៍ ស្តីពីគ្រោះថ្នាក់នៅតាមការដ្ឋានសំណង់ នៅឡើយនោះទេ ។
បើតាមលោក មីសហ្សែល កាស្សាញ គោលការណ៍សុវត្ថិភាពតាមការដ្ឋាន ជាលក្ខខណ្ឌ ដែលមិនអាចតវ៉ាបាន សម្រាប់ការដ្ឋានសំណង់ ។ ចំពោះក្រុមហ៊ុនសំណង់ដែលមកពីតំបន់អ៊ឺរ៉ុប លក្ខ ខណ្ឌនេះ ត្រូវបានអនុវត្តយ៉ាងពេញលេញ ដែលរួមមានទាំងការតាមដានត្រួតពិនិត្យជាប្រចាំ ការបំពាក់សម្លៀកបំពាក់ និងឧបករណ៍សុវត្ថិភាព រួមនឹងការបំពាក់ឧបករណ៍ពន្លត់អគ្គីភ័យនៅតាម ការដ្ឋានផងដែរ ។ ក្រៅពីនេះ ការបណ្តុះបណ្តាលកម្មករ អំពីសុវត្ថិភាពនៅតាមការដ្ឋាន និង ការ ជួយសង្រ្គោះបន្ទាន់ ក៏ជាលក្ខខណ្ឌមួយត្រូវតែអនុវត្តផងដែរ ។


ដោយឡែក បើតាម លោកស្រី Marta Neves Abrantes តំណាងសហភាពអ៊ឺរ៉ុប ក៏បានអោយដឹងផងដែរថា សហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ក៏បានផ្តល់កិច្ចសហការ និងជួយទៅលើបញ្ហាសុវត្ថិភាពតាមការដ្ឋាននេះផងដែរ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការឃែរ និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ រហូតមកទល់ពេលនេះ សុវត្ថិភាពការងារ នៅតាមការដ្ឋាន មានភាពល្អប្រសើរជាបណ្តើរៗហើយ ។
សូមបញ្ជាក់ថា វិស័យសំណង់ បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ក្នុងនោះ រយៈពេល ៩ខែ ឆ្នាំ២០១៨ វិស័យសំណង់ បានផ្តល់ការងារគិតជាមធ្យមពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ដោយឡែកនៅភ្នំពេញ មានកម្មករសំណង់បំពេញការងារជាធម្យម ចន្លោះ ៩ម៉ឺន ទៅ ១០ម៉ឺននាក់ក្នុងមួយថ្ងៃ ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ការងារក្នុងវិស័យសំណង់នេះ បានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ ១២០ភាគរយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម