Connect with us

អាជ្ញាធរ នឹងពង្រាយកម្លាំងចម្រុះជាង ១ម៉ឺននាក់ ដើម្បីកាពារព្រះរាជពិធីបុណ្យអុំទូក ខណៈក្រសួង សុខាភិបាល ត្រៀមរថយន្តសង្រ្គោះបន្ទាន់នៅ ៣៨ទីតាំង

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ១ម៉ឺននាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពៈព្រះខែ ដែលនឹងឈានមកដល់នៅក្នុងកំឡុងមួយសប្តាហ៍ទៀត ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានអោយដឹងថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ អាជ្ញាធរ នឹងដាក់ពង្រាយកម្លាំងសរុបចំនួន ១២ ៧៥៤នាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងនោះ សម្រាប់កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ ៨៦២៥នាក់ ដោយឈជើង នៅតាមតំបន់សំខាន់ៗចំនួន ៣គឺ តំបន់A,B,C និងចែកជាគោលដៅតូចៗផងដែរ។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា សម្រាប់ស្ថានភាពទឹកទន្លេនៅឆ្នាំនេះ ទាបជាងឆ្នាំមុន រហូតដល់ ១ម៉ែត្រ ហើយល្បឿនទឹក ក៏ហូរយឺតជាងឆ្នាំមុនផងដែរ។


ដោយឡែកសម្រាប់ទូក ង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះ មានចំនួន ២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ង ត្រឹមតែ ២៧០ទូក និង មានទីឡាករជិត ២ម៉ឺននាក់ ។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន ១៥ លើសពីឆ្នាំមុនផងដែរ ។
បើតាម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ក៏ជម្រុញអោយអភិបាលខណ្ឌដូនពេញ និងខណ្ឌចំការមន ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់់ លើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់នេះ ។ ឯកឧត្តម បន្តថា បញ្ហាសណ្តាប់ធ្នាប់នេះ បើមនុស្ស១០០នាក់ ធ្វើអោយប៉ះពាល់ផលប្រយោជន៍ មនុស្ស១លាននាក់ អាជ្ញាធរ ត្រូវធ្វើដើម្បីប្រយោជន៍មនុស្ស១លាននាក់នោះហើយ ។ចំណែក ការគ្រប់គ្រងអ្នកលក់ដូរ និង ការបើកកន្លែងផ្ញើរម៉ូតូ អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញ អោយមានការពិនិត្យអោយបានល្អិតល្អន់ផងដែរ ដោយមិនអាច អោយមានការតំឡើងថ្លៃស្រេចតែចិត្តនោះទេ


ដោយឡែក នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាល ក៏បានអោយដឹងផងដែរថា ក្រសួងបានចាត់ចែងឲ្យមានសេវារថយន្ដសង្គ្រោះ និង ការពិនិត្យព្យាបាល នៅតាមកន្លែងតង់សុខភាព ក្នុងករណី ប្រជាពលរដ្ឋមានបញ្ហាសុខភាព អាចស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងទាំងនោះ បាន ដោយគ្មានការបង់ថ្លៃឡើយ ។ បើតាមក្រសួងសុខាភិបាល គឺបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដសង្គ្រោះចល័តតាមគោលដៅចំនួន ៣៨គ្រឿង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន១២កន្លែងផ្សេងៗគ្នា ផងដែរ ។
លើសពីនេះ ក្រសួងសុខាភិបាល ក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ក្នុងហ្វូងប្រជាពលរដ្ឋដោយឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់អាចមានបញ្ហាសុខភាព ហើយមិនអាចមករកគ្រូពេទ្យ នៅតាមតង់សុខភាព ឬរថយន្ដសង្គ្រោះបានផងដែរ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម