Connect with us

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចការសាងសង់បាន ៥០ភាគរយ

ភ្នំពេញ៖ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែឧសភា បានឱ្យដឹងថា ការស្ថាបនាផ្លូវល្បឿន លឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន៥០ភាគរយហើយ បើគិតមកដល់ខែឧសភា ឆ្នាំ២០២១នេះ។

តាមផែនការផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារអាមេរិក។

ផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយមានទទឹងតួផ្លូវ ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

នៅលើកំណាត់ផ្លូវនេះ នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប ១០៥ម៉ែត្រ, ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែងមានប្រវែងសរុប ៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង ព្រមទាំងសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម