Connect with us

រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមានបន្តដកហូត ដីសម្បទានសេដ្ឋកិច្ចដែលគ្មានសកម្មភាពអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានសាជាថ្មីចំពោះក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងឡាយណាដែលនៅតែមិនព្រមធ្វើសកម្មភាពអភិវឌ្ឍន៍ ហើយទុកដីទំនេរចោលនោះ ក្រសួងនឹងដកហូតដីទាំងនោះត្រឡប់មកវិញសម្រាប់រដ្ឋគ្រប់គ្រង ឬនឹងទុកប្រគល់ឱ្យក្រុមហ៊ុនថ្មី ដែលមានលទ្ធភាពវិនិយោគពិតប្រាកដ។
នៅក្នុងបទសម្ភាសមួយ នៃពិព័រណ៍ពាណិជ្ជកម្មអាហារកូរ៉េឆ្នាំ ២០១៨ ក្នុងសប្ដាហ៍នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចទាំងអស់ មានក្រុមហ៊ុនប្រមាណ ៣០ ទៅ ៤០ភាគរយ គឺមិនមានសកម្មភាពអភិវឌ្ឍន៍នោះទេ។
ឯកឧត្តមបានបញ្ជាក់ថា តាមការពិនិត្យរបស់ក្រសួង គេឃើញមានក្រុមហ៊ុនជាច្រើនបានបោះទុនវិនិយោគទៅលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅដំាកៅស៊ូ ប៉ុន្តែការធ្លាក់ចុះនៃតម្លៃកៅស៊ូបានធ្វើឱ្យ ក្រុមហ៊ុនមួយចំនួនផ្អាកគម្រោងអភិវឌ្ឍន៍របស់ខ្លួន ហើយមួយចំនួនទៀតបានបង្វែទៅដាំដំណាំផ្សេងវិញ។


តែយ៉ាងណាក៏ដោយឯកឧត្តមបានថ្លែងថា ក្រសួងនឹងមានវិធានការចំពោះក្រុមហ៊ុនទាំងនោះ ដោយស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីដកហូតយកដីមកវិញ។
រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចចំនួន ១០១ ក្រុមហ៊ុន ដកហូតដីបានចំនួនជាង ៧៤ម៉ឺនហិកតា។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ២២៩ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យបន្តសុពលភាពលើផ្ទៃដីជាង ១,១៧ លានហិកតា ស្ថិតនៅ ១៩ ខេត្ត ជាមួយនឹងការដាក់ចេញនូវវិធានមុតស្រួចមួយចំនួនដែលឈានទៅដល់ កាត់បន្ថយទំនាស់រវាងក្រុមហ៊ុនជាមួយប្រជាជនឲ្យបានជាអតិប្បរមា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបង់ថ្លៃដីសម្បទានសេដ្ឋកិច្ចចូលថវិកាជាតិសរុបប្រមាណជាង ៦,៦៣លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកផ្ទៃដីដែលបានដកហូត និងសល់ពីការកាត់ជូនប្រជាជនប្រមាណជា ៦សែន ១ម៉ឺន៩ពាន់ហិកតា ត្រូវបានក្រសួងបង្កើតជាស្ថានីយ៍ផ្សព្វ ផ្សាយនិងស្តារព្រៃឈើ៕

 
អត្ថបទ៖ សៀម ប៊ុនធី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម