Connect with us

ក្រុមហ៊ុនកូរ៉េមួយ គ្រោងនឹងនាំចេញផ្លែស្វាយពីកម្ពុជា ២ម៉ឺនតោន ទៅទីផ្សារក្រៅប្រទេស

ភ្នំពេញ ៖ ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd គ្រោងនឹងធ្វើការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េ នាពេលខាងមុខនេះ។ Hyundai Agro (Cambodia) Co., Ltd ជាក្រុមហ៊ុនកូរ៉េ ដែលធ្វើការវិនិយោគទៅលើការដាំដំណាំស្វាយ ស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្ន ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានវិនិយោគលើផ្ទៃដីទំហំប្រមាណ ២០០ហិកតា ដើម្បីដាំដំណាំស្វាយ និង ៥៦ហិកតាផ្សេងទៀត ដាំដំណាំរួមផ្សំ ហើយក្រុមហ៊ុនអាចប្រមូលផលផ្លែស្វាយ និងទិញសម្រាប់នាំចេញ បានប្រមាណ ៥ទៅ ៦ពាន់តោន សម្រាប់ទីផ្សារប្រទេសថៃ និងវៀតណាម។ ឥឡូវនេះ ក្រុមហ៊ុន ក៏នាំចេញសាកល្បងទៅកាន់ទីផ្សារហុងកុង។
បើតាមអ្នកស្រី យូ សុខា នាយកគ្រប់គ្រងរដ្ឋបាលក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនដាក់ដំណើរការរោងចក្រលាងសម្អាតផ្លែស្វាយរបស់ខ្លួននៅចុងខែធ្នូ ខាងមុខនេះ ក្រុមហ៊ុនរំពឹងថា នឹងអាចនាំចេញផ្លែស្វាយពី ២ម៉ឺនតោន ក្នុងមួយឆ្នាំ ជាពិសេសទៅកាន់ទីផ្សារប្រទេសកូរ៉េ។
ទាក់ទងគុណភាពផ្លែស្វាយកម្ពុជា អ្នកស្រី លើកឡើងថា ស្វាយដែលកសិករដាំមានគុណភាពល្អ ប៉ុន្តែការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតរបស់កសិករ មិនទាន់អនុលោមតាមស្តង់ដារនៅឡើយ។ អ្នកស្រីចង់ឲ្យកសិករ ស្វែងយល់ឲ្យបានច្រើនអំពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អ ដើម្បី រក្សាគុណភាពផ្លែស្វាយ ក៏ដូចជាទីផ្សារសម្រាប់នាំចេញផងដែរ។


សូមបញ្ជាក់ថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd បានបោះទុនប្រមាណ ១០លានដុល្លារ ដើម្បីបង្កើតរោងចក្រលាងសម្អាត និងកម្ចាត់មេរោគលើផ្លែឈើស្រស់ នៅខេត្តកំពង់ស្ពឺ ដែលនឹងចាប់ផ្តើមដំណើរការនៅចុងខែធ្នូឆ្នាំនេះ ។ ក្រុមហ៊ុននេះ Hyundai មានសាខា ៤៤ប្រទេស នៅទូទាំងពិភពលោក និងបណ្តាញចែកចាយដ៏រឹងមាំសម្រាប់នាំចេញអាហារមានគុណភាពខ្ពស់របស់កម្ពុជា ។
លោក អូណាក់ យ៉ុង ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា ក្រោយពេលឆ្លងកាត់ ការត្រួតពិនិត្យយ៉ាងល្អិតល្អន់រួច ផលិតផលផ្លែស្វាយរបស់ ប្រទេសកម្ពុជា នឹងត្រូវបាននាំចេញទៅកាន់ប្រទេសកូរ៉េ រួមទាំងប្រទេសនានាទូទាំងពិភពលោក តាមរយៈប្រព័ន្ធចែកចាយជាលក្ខណៈអន្តរជាតិរបស់សហគ្រាសកូរ៉េ។
ឯកអគ្គរដ្ឋទូតកូរ៉េ ក៏បានអោយដឹងផងដែរថា ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ គឺជាក្រុមហ៊ុនមានឈ្មោះល្បីនៅលើពិភពលោក ។ ដូច្នេះ ប្រសិនបើមានការសហការគ្នារវាងសហគ្រាសកម្ពុជា និងកូរ៉េ វានឹងជួយជំរុញដល់ការនាំចេញដំណាំកសិផលកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសកាន់តែច្រើន។
លោកសង្ឈឹមថា ប្រទេសទាំងពីរ នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើវិស័យកសិ-ឧស្សាហកម្ម ដើម្បីអនុវត្តឲ្យបានជោគជ័យលើដំណើរនៃ «ការបង្កើតនូវវិបុលភាពជារួម»។
របាយការណ៍របស់ក្រសួងកសិកម្ម បង្ហាញថា ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយប្រមាណ ៧៧៤២១តោន កាលពីឆ្នាំ ២០១៧ បានកើនឡើងជិត ៣ដង បើធៀបនឹង ២២១១៤តោន កាលពីឆ្នាំ ២០១៦។ របាយការណ៍ដដែលឲ្យដឹងទៀតថា ការដាំដុះស្វាយមានប្រមាណ ជាង១៥ម៉ឺនហិកតា នៅឆ្នាំ ២០១៧៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម