Connect with us

២ថ្ងៃទៀត រាជធានីភ្នំពេញ នឹងទទួលមនុស្សរាប់លាននាក់ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នឹងចាប់ផ្តើមឡើងនៅរាជធានីភ្នំពេញ ដោយមានការប៉ាន់ស្មានថា មានពលរដ្ឋរាប់ លាននាក់ នឹងមកចូលរួមក្នុងព្រះរាជពិធីបុណ្យឆ្នាំនេះ ។
នៅតាមបណ្តាមាត់ទន្លេក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញគណកម្មការទូកប្រណាំងនានា កំពុងតែបោះតង់ និងរៀបរោង សម្រាប់កីឡាករកីឡាការនីទូករបស់ខ្លួន រួមនឹងអ្នកគាំទ្រផ្សេង ទៀត ខណៈដែលអាជ្ញាធរមូលដ្ឋាន ក៏បានចាប់ផ្តើមដាក់ពង្រាយកម្លាំងដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ផងដែរ ។
កាលពីថ្ងៃម្សិលម៉ិញនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យពង្រឹងសនិ្តសុខនិង សណ្ដាប់ធ្នាប់សម្រាប់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១វិច្ឆិកាទៅ ។
សម្តេចតេជោ ហ៊ុន សែន រំពឹងថា នឹងមានពលរដ្ឋពីតាមខេត្តនានារាប់លាននាក់ ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីចូលរួមព្រះរាជពិធីបុណ្យ ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពីសន្តិសុខសណ្ដាប់ធ្នាប់ ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ក៏ បានរំពឹងថា នឹងមានអ្នកមកទស្សនាប្រមាណជាង ៣ លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ក្នុងនោះ គិតរួមទាំងអ្នករស់នៅរាជធានីភ្នំពេញផងដែរ ។
ទាក់ទងនឹងការពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ លោកឧត្តមសេនីយ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មានកម្លាំងចម្រុះប្រមាណជាង ១ ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅតាមគោលដៅនានា ដោយមិនធ្វេសប្រហែសឡើយ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ។ លោក បានអះអាងថា នឹងមិនឱ្យមានដូចករណីកោះពេជ្រនោះទេ ដោយបានកំណត់ចំនួនសម្រាប់អ្នកចូលទៅទស្សនា នៅកោះពេជ្រ ។


សម្រាប់ទូក ង ដែលត្រូវចូលរួមប្រកួតនៅឆ្នាំនេះ មានចំនួន ២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ង ត្រឹមតែ ២៧០ទូក និង មានទីឡាករជិត ២ម៉ឺននាក់ ។ សម្រាប់ប្រទីបឆ្នាំនេះមានចំនួន ១៥ លើសពីឆ្នាំមុនផងដែរ ។
កាលពីថ្ងៃ១៦ ខែវិច្ឆិកា សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង២ដាច់ដោយឡែកពីគ្នា ដោយមួយស្នើឱ្យម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្រ្តី និងអ្នកលក់ដូរទាំងអស់ត្រូវមានធុង ឬ ថង់សម្រាប់ទុកដាក់សំរាមពីអាជីវកម្មរបស់ខ្លួន និង ស្នើឱ្យកីឡាករប្រណាំងទូកនិងពលរដ្ឋដែលមកកម្សាន្តត្រូវជួយថែរក្សាអនាម័យ ។ ក្រៅពីនេះ ក៏បានដាក់បម្រាមផ្អាកអាជីវកម្មនានា ដែលក្នុងនោះ មានផ្អាកការដ្ឋានសំណង់ និងហាមរថយន្តក្រឡុកស៊ីម៉ងតិ៍ រថយន្តធុនធំ រួមទាំងរ៉ឺម៉កសណ្ដោង មិនឱ្យចូលរាជធានីផងដែរ ។
ដោយឡែក ក្រសួងសុខាភិបាល ក៏បានអោយដឹងផងដែរថា ក្រសួងបានចាត់ចែងឲ្យមានសេវារថយន្ដសង្គ្រោះ និង ការពិនិត្យព្យាបាល នៅតាមកន្លែងតង់សុខភាព ក្នុងករណី ប្រជាពលរដ្ឋមានបញ្ហាសុខភាព អាចស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងទាំងនោះ បាន ដោយគ្មានការបង់ថ្លៃឡើយ ។ បើតាមក្រសួងសុខាភិបាល គឺបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដសង្គ្រោះចល័តតាមគោលដៅចំនួន ៣៨គ្រឿង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន១២កន្លែងផ្សេងៗគ្នា ផងដែរ ។
លើសពីនេះ ក្រសួងសុខាភិបាល ក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ក្នុងហ្វូងប្រជាពលរដ្ឋដោយឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់អាចមានបញ្ហាសុខភាព ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម