Connect with us

សម្តេចតេជោ ៖ កម្ពុជា មិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួននោះទេ

ភ្នំពេញ ៖ យោងតាមបណ្តាញទំនាក់ទំនងសង្គម Facebook របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដោយលើកជាសំណួរថា តើកម្ពុជា មានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ? តើកម្ពុជាត្រូវការកងទ័ពបរទេសដើម្បីច្បាំងជាមួយអ្នកណា? ។
ជាមួយនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេច មិនត្រូវការឱ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជា ដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឱ្យកម្ពុជា ជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធឡើយ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា កងទ័ពកម្ពុជា ដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ។ កម្ពុជា ចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។
ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានផ្សព្វផ្សាយថា កម្ពុជា បានអនុញ្ញាតឱ្យបរទេសប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើជាមូលដ្ឋានយោធា។


សូមបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក៏បានចេញសេចក្តីថ្លែងការណ៍ទាត់ចោល នូវការចុះផ្សាយរបស់សារ ព័ត៌មានបរទេសមួយចំនួន ក្នុងនោះ មានទាំងសារព័ត៌មាន Asia Times ផងដែរដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសដទៃ ដែលទំនងសំដៅដល់ប្រទេសចិន ប្រើប្រាស់ទឹកដីកកម្ពុជា ធ្វើជាមូលដ្ឋានយោធា ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកថា នេះគ្រាន់តែជាដំណឹងក្លែងក្លាយ (Fake News) ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ-អន្តរជាតិ និងជាចេតនាបំផ្លាញដល់ ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម