នៅខេត្តទេសចរណ៍សំខាន់ៗ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ត្រូវបានកក់ស្ទើរអស់ទៅហើយ
ភ្នំពេញៈ ខណៈដែលមានការរំពឹងទុកថា មានពលរដ្ឋជាច្រើនលាននាក់ នឹងមកកាន់រាជធានីភ្នំពេញ នៅឯតាមបណ្តាខេត្តទេសចរណ៍នានាឯណោះវិញ ក៏ត្រូវបានគេអះអាងថា នឹងមានការមកលេងកម្សាន្តច្រើនពីទេសចរណ៍ក្នុងស្រុក ក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូកនេះដែរ ។
តំបន់ភូមិភាគឦសាន ខេត្តសៀមរាប និង ខេត្តជាប់មាត់សមុទ្រ ត្រូវបានអ្នកជំនាញទេសចរណ៍រំពឹងទុកថា នឹងទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើន ក្នុងឱកាសបុណ្យអុំទូក រយៈពេល ៣ ថ្ងៃ ខណៈអ្នកពាក់ព័ន្ធ អះអាងថា កន្លែងស្នាក់នៅត្រូវបានកក់ស្ទើរអស់ទាំងស្រុង គិតមកទល់ពេលថ្ងៃនេះ ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សង្ឃឹមថា ចំនួនភ្ញៀវទេសចរ ពិសេសទេសចរក្នុងស្រុក ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ នឹងមានកំណើនខ្ពស់ ខណៈអាជ្ញាធរកំពុងខិតខំយ៉ាងខ្លាំង ក្នុងការធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសន្តិសុខនៅខេត្តព្រះសីហនុមានភាពល្អប្រសើរ។
បើយោងតាមលោក សុចិត្រគ្រឹះស្នា បច្ចុប្បន្ននៅក្នុងក្រុងព្រះសីហនុមានបន្ទប់សណ្ឋាគារប្រហែល ៤,០០០ បន្ទប់ និងផ្ទះសំណាក់ប្រហែល ៤,០០០ បន្ទប់។
ដោយឡែកនៅឯខេត្តសៀមរាបវិញ តំណាងសណ្ឋាគារធំៗមួយចំនួន បានអះអាងស្រដៀងគ្នា ថា បន្ទប់សណ្ឋាគារជាង ៨០ភាគរយ ត្រូវបានកក់រួចហើយ ក្នុងអំឡុងពេល ៣ថ្ងៃនេះនៃព្រះរាជ ពិធីបុណ្យអុំទូកខាងមុខនេះ ។
ស្របគ្នានេះដែរ តំណាងសណ្ឋាគារ និងផ្ទះសំណាក់ នៅខេត្តមណ្ឌលគិរី ឯណោះវិញ ក៏រំពឹងថា ចំនួនភ្ញៀវទេសចរមកទស្សនាខេត្តនេះ អាចកើនឡើងខ្ពស់ដោយសារកត្តាធំៗចំនួន ២ គឺហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និង ភ្ញៀវមួយចំនួនងាកចេញពីតំបន់មាត់សមុទ្រខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ ក៏មានកក់បន្ទប់ស្នាក់នៅស្ទើរតែអស់ទៅហើយ ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេស នឹងបានឈប់សម្រាកពីការងារ ចាប់ពីថ្ងៃទី ២១ រហូតដល់ថ្ងៃទី ២៥ ដោយគិតបញ្ចូលទាំងថ្ងៃសៅរ៍ និង អាទិត្យ ដែលបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការរៀបចំ ដំណើរកម្សាន្តទៅទីឆ្ងាយៗ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍