Connect with us

ឯកអគ្គរដ្ឋទូតកូរ៉េ សន្យា នឹងបន្តជំរុញវិនិយោគិនខ្លួន មកបណ្តាក់ទុនកែច្នៃកសិផលនៅកម្ពុជា

ភ្នំពេញ ៖ អគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសន្យាថា នឹងខិតខំកៀគរវិនិយោគិនរបស់ខ្លួន ឲ្យមកបណ្តាក់ទុនរកស៊ី នៅប្រទេសកម្ពុជា កាន់តែច្រើន ជាពិសេសទៅលើផលិតកម្មកែច្នៃកសិផល សម្រាប់នាំចេញទៅកាន់ក្រៅប្រទេស ក្នុងនោះ រួមទំាងទីផ្សារកូរ៉េផងដែរ។
ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ កាលពីសប្តាហ៍មុន ស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអាហារ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ។
លោកឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ អូណាក់ យ៉ុង សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរួមចំណែកដល់ «សហគមន៍របស់ប្រជាពលរដ្ឋ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលកូរ៉េ តាមរយៈការជំរុញការផ្លាស់ប្តូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ។
លោក អូណាក់ យ៉ុង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានលក្ខខណ្ឌដ៏ប្រសើរក្នុងការ ផលិតបាននូវផលិតផលកសិកម្ម ដែលមានគុណភាពល្អ ហើយប្រទេសកូរ៉េ មានបច្ចេកទេសក្នុងការកែច្នៃ ទុនវិនិយោគ និងបណ្តាញចែកចាយជាលក្ខណៈអន្តរជាតិ ដែលរាល់ចំណុចទាំងឡាយនេះ គឺជាកត្តាដែល ជួយបំពេញនូវចំណុចខ្វះខាតឲ្យគ្នាទៅវិញទៅមក ។


លោក រំពឹងថា ក្រោយពីផលិតផលកសិកម្មដ៏ច្រើនរបស់ប្រទេសកម្ពុជា បានជួបជាមួយនឹងបច្ចេកទេសកែច្នៃ និង ទុនវិនិយោគរបស់ប្រទេសកូរ៉េរួច វានឹងបង្កើតបាននូវអត្ថប្រយោជន៍ដ៏ល្អជាច្រើនបន្ថែមទៀត ។ ម៉្យាងវិញទៀត បច្ចុប្បន្ននេះ ពលករកម្ពុជាជាច្រើន កំពុងធ្វើការនៅប្រទេសកូរ៉េ ក្នុងវិស័យកសិកម្ម ដោយពួកគេទទួលការបណ្តុះបណ្តាលជំនាញផ្នែកវិស័យកសិកម្មពីប្រទេសកូរ៉េ ។ នៅពេលដែលពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគេ នឹងអាចធ្វើការក្នុងក្រុមហ៊ុនកសិកម្មកូរ៉េ ហើយពួកគេ ក៏ក្លាយជាធនធានមនុស្សប្រកបដោយបច្ចេកទេសកសិកម្មផងដែរ ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ផលិតផលកសិកម្ម ដែលភាគច្រើនសម្រាប់ជាស្បៀងអាហារ និងជាវត្ថុធាតុដើមសម្រាប់ផលិត និងកែច្នៃមានការកើនឡើងជាលំដាប់ជាអាទិ៍ កសិផលសរុបសម្រាប់នាំចេញក៏មានការកើនឡើងពី ៣,៦៦លានតោន ក្នុងឆ្នាំ ២០១៣ ដល់ ៥,១៤លានតោន ក្នុងឆ្នាំ ២០១៧ ក្នុងនោះមានផលិតផលដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី ស្វាយ ចេក និងបន្លែជាដើម៕

ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម