Connect with us

រដ្ឋមន្រ្តីធនធានទឹក អោយមន្រ្តីជំនាញចុះដល់ទីតាំង និងដោះស្រាយបញ្ហាទឹកជាបន្ទាន់

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ណែនាំអោយមន្រ្តីធនធានទឹក ត្រូវចុះដល់ទី តាំងដែលកំពុងជួបប្រទះនូវកង្វះទឹកស្រោចស្រព និងប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាអោយ មានប្រសិទ្ធភាព និង ទាន់ពេលវេលា ។
ការណែនាំនេះ បានធ្វើឡើង នៅចុងសប្តាហ៍កន្លងទៅ ដោយសារតែស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពភ្លៀងដើមឆ្នាំ បានលឿន និង ចុងឆ្នាំអូសបន្លាយ ។ ជាមួយនេះ ក៏មានការព្យាករណ៍ថា ឆ្នាំ ២០១៩ ខាងមុខ អាចភ្លៀងដើមឆ្នាំមានសភាពយឺត ដែលជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភពីកង្វះខាតទឹកស្រោចស្រព និង ប្រើប្រាស់ ។
ក្នុងន័យនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំអោយមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅគ្រប់កន្លែងដែលមានប្រភពទឹក។ ជាមួយនេះ ថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលមានការចាត់តាំងរួចជាស្រេច ត្រូវចុះក្តាប់ និងដោះស្រាយជាបន្ទាន់ នូវរាល់បញ្ហាដែលពាក់ពន្ធ័នឹងទឹក ជាពិសេស វិធានការចុះដល់ទីតាំង ចាត់ទុកជាវិធានការប្រសើរ និងមានប្រសិទ្ធភាពបំផុត ។


ឯកឧត្តម ក៏បានបញ្ជារអោយ គ្រប់មន្ទីរធនធានទឹកទាំងអស់ ត្រូវធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក្នុងន័យ ណែនាំដល់ប្រជាកសិករ ជៀសវាងការបង្កបង្កើនផល នាដើមរដូវច្រើនហួសហេតុ ឆ្ងាយពីប្រភពទឹក ដែលអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ឈានទៅដល់កង្វះខាតទឹកប្រើប្រាស់ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃថែមទៀត ។
គួររំលឹកថា ខេត្តចំនួន ១៣ បានកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួត ក្នុងនោះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ ខណៈដែលមន្ទីរធនធានទឹកនៅតាមបណ្តាខេត្តទាំងនោះ កំពុងរកវិធីជួយសង្រ្គោះ ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម