Connect with us

ដំណើការសាងសង់ផ្លូវនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ បានកំពុងដំណើរការយ៉ាងរលូន ទោះបីមានការរាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ

ព្រះសីហនុ៖ ការសាងសង់ផ្លូវបេតុងប្រវែង ៧០គីឡូម៉ែត្រ បាននិងកំពុងដំណើរការយ៉ាងរលូន ទោះបីមានការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាំឲ្យមានការបិទខ្ទប់ទីក្រុង និងខេត្តព្រះសីហនុក៏ដោយ ក៏មិនមានការប៉ះពាល់ដល់ដំណើរការសាងសង់ឡើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Royal Group Koh Rong Development Company នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

ក្រោយពីសម្រេចការសាងសង់បាន ៣០% កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ នៅពេលនេះ ទោះបីមានភ្លៀងធ្លាក់ ក៏ក្រុមហ៊ុនបន្តសាងសង់សម្រេចលទ្ធផលបាន១៥% បន្ថែមទៀត ដែលប្រវែងផ្លូវ៥៥% គ្រោងសង់បញ្ចប់នៅដើមឆ្នាំ២០២២ ខាងមុខនេះ ស្របតាមផែនការ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមហ៊ុន Royal Group Koh Rong Development Company បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សាងសង់ផ្លូវបេតុងអាមេកម្រាស់២.៥ដេស៊ីម៉ែត្រ ប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Sinohydro Corporation Limited ដែលត្រូវចំណាយថវិកាចំនួន ៣៥លានដុល្លារអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១០។

ការអភិវឌ្ឍន៍កោះរ៉ុងរបស់ក្រុមហ៊ុន Royal Group Koh Rong Development Company គឺជាការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដ៏ប្រសើរមួយ រួមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរឲ្យមានការងារធ្វើជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម