Connect with us

សមត្ថកិច្ច នឹងបង្ហាញព័ត៌មានលំអិត ជុំវិញការបង្រ្កាបឱសថក្លែងក្លាយ ជាង៤០តោន

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានស្តីពីកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឱសថក្លែងក្លាយ-ខុសច្បាប់ ដែលទើបបង្រ្កាបបាននាពេលថ្មីៗនេះ ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៣រសៀលនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨ សមត្ថកិច្ចបានបង្រ្កាបបទល្មើសនាំចូល រក្សាទុកឱសថខុសច្បាប់ និងក្រោមគុណភាព ចំនួន១ករណី ដោយបានដកហូតជាបណ្ដោះអាសន្ននូវផលិតផលឱសថ ចំនួន៧៥០០កេស ដែលមានទំងន់ប្រហែល៤០តោន ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីប្រកាសដដែលនេះ ពុំទាន់បានបញ្ជាក់ពីឈ្មោះ ឱសថខុសច្បាប់ និង ក្រុមហ៊ុននាំចូលនៅឡើយទេ ។
ក្រសួងសុខាភិបាល កំពុងបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់នូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងអនុវត្តនូវផែនការយុទ្ធសាស្រ្តសុខាភិបាល 2016 -2020 ព្រមទាំងផែនការអនុវត្តរួមគ្នារវាងក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


សូមរំឮកដែរថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញពីក្តីកង្វល់ចំពោះឱសថក្លែងក្លាយ ដែលកំពុងចរាចរយ៉ាងសកម្ម ក្នុងនោះរួមទាំង តាមទីផ្សារអនឡាញផងដែរ។ ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឱសថក្លែងក្លាយនេះ មិនអាចប្រទេសណាមួយធ្វើតែឯង ហើយទទួលបានជោគជ័យនោះទេ គឺត្រូវមានការរួមសហការគ្នាជាចាំបាច់។ ជាមួយគ្នានេះសម្តេចតេជោ បានណែនាំឲ្យផ្តន្ទាទោស ឲ្យបានធ្ងន់ធ្ងរ ដល់ជនល្មើស ដែលចរាចរណ៍ឱសថក្លែងក្លាយ។
សម្តេចតេជោ បានថ្លែងថា សម្តេចនឹងលើកពីបញ្ហាឱសថនេះ ក្នុងកិច្ចប្រជុំអាស៊ាន និងស្នើឲ្យដាក់បញ្ចូលប្រធានបទឱសថក្លែងក្លាយ និងអន់គុណភាព ទៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០ខាងមុខ ព្រមទាំងស្នើបញ្ចូលទៅក្នុងក្របខណ្ឌអាស៊ានផងដែរនៅពេលប្រទេសថៃធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០១៩។
សម្តេចតេជោបន្តថា ឱសថក្លែងក្លាយ និងអន់គុណភាពគឺជាឃាតករលាក់មុខបំផុតដែលអាចបំផ្លាញប្រជាជនក្រីក្រ ហើយក៏បង្កការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម