Connect with us

ភាពយន្តឃ្លាតទៅសែនឆ្ងាយធ្វើឲ្យទស្សនិកជនយំពេញរោងកុន (មានវិដេអូ)

ក្នុងពិធីសម្ភោធភាពយន្តឃ្លាតទៅសែនឆ្ងាយនៅរោងភាពយន្តលីជេនអេដែនកាលពីល្ងាចថ្ងៃទី១៩ខែវិច្ឆិកានេះ មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ក្រុមគ្រួសារតារាកម្ពុជា និងសិស្សនិស្សិតដែលកំពុងសិក្សា នៅសាលាភាពយន្ត PSEចំនួនរហូតទៅដល់ជិត៥០០នាក់។
លើសពីនេះទៀតតាមរយៈបទបង្ហាញរបស់លោកឆាយបូរ៉ាដែលជាផលិតករភាពយន្តនេះផ្ទាល់បានឲ្យដឹងពីមូលហេតុមួយចំនួនដែលនាំឲ្យលោកសម្រេចចិត្តចាក់បញ្ចាំង ភាពយន្តនេះជាថ្មីម្តងទៀតនៅតាមរោងភាពយន្ត។ លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោត បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តដាក់បញ្ចាំងភាពយន្តនេះជាថ្មី គឺដោយសារការដាក់បញ្ចាំងលើកមុនខ្វះការជ្រោមជ្រែងពីប្រព័ន្ធផ្សព្វផ្សាយ ហើយនៅក្នុងពេលនោះ ភាពយន្តរឿង”ឃ្លាតទៅសែនឆ្ងាយ”របស់លោកក៍មិនទាន់ជាប់ពាន និងមានការទទួលស្គាល់។

កម្មវិធីរបស់លោក ត្រូវបានធ្វើឡើងយ៉ាងកក្រើកអស់អ្នកសិល្ប: ទើបការសម្រេចដាក់បញ្ចាំងរឿងនេះ ត្រូវគេរំពឹងថា ពិតជាស្រូបទាញអ្នកទស្សនាខុសពីមុន។ លោក ឆាយ បូរ៉ា បន្តថា លោកមានការសោកស្ដាយយ៉ាងខ្លាំង ដែលក្នុងពេលដាក់បញ្ចាំងលក់សំបុត្រកាលពីអំឡុងលើកមុន ស្នាដៃមិនសូវមានការគាំទ្រទាល់តែសោះ ប៉ុន្តែដល់ពេលល្បីល្បាញ គឺស្ថិតក្នុងដំណាក់កាលទម្លាក់ផ្លាកចេញពីរោងទៅហើយ។ ជាក់ស្ដែងពីភាពយន្តលោក ជាប់ពានចំនួន៧ក្នុងចំណោម៩ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តថ្នាក់ជាតិលើកទី៤ រឹតតែជាអ្វី ដែលធ្វើឲ្យរឿងទាំងមូលផ្ទុះក្នុងស្រទាប់មហាជនតែម្ដង ដែលធ្វើឲ្យលោកត្រូវតែចិញ្ចឹមចិត្តដាក់បញ្ចាំងរឿងនេះជាថ្មីឲ្យបាន ដោយលោកសម្រេចជ្រើសយកអំឡុងបុណ្យអុំទូកចាប់ពីថ្ងៃទី២១ វិច្ឆិកា នេះតទៅ។
ចំនុចដែលគួរឲ្យកត់សម្គាល់នោះ បន្ទាប់ទស្សនិកជនបានទស្សនាភាពយន្តឃ្លាតទៅសែនឆ្ងាយ នេះម្នាក់ៗសុទ្ធតែវាយតម្លៃខ្ពស់កោតសរសើរមិនដាច់ពីមាត់ចំពោះការដឹកនាំរឿង និងការសម្តែងជាពិសេសពោលថារឿងនេះធ្វើឲ្យម្នាក់ៗយំ ក្តុកក្តួលអាណិតចំពោះរឿងពិតរបស់ម្តាយ និងក្រុមគ្រួសារអ្នកស្រីកូវ សុធារីដែលជាតួរអង្គផ្ទាល់ក្នុងរឿងនេះ។

 

សូមទស្សនាវិដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម