Connect with us

ក្រុមហ៊ុនខ្មែរ និងចិន ចាប់ដៃគូរគ្នាលក់អាគារពាណិជ្ជកម្មតម្លៃ ១៦០លានដុល្លារ នៅកោះពេជ្រ

ភ្នំពេញ ៖ ក្រុមហ៊ុន Century21 Cambodia និង ក្រុមហ៊ុន Century21 មកពីប្រទេសចិន បានចាប់ដៃគ្នា ដើម្បីលក់អាគារពាណិជ្ជកម្ម Morgan Tower តម្លៃ ១៦០លានដុល្លារអាមេរិក ដែលបាននិងកំពុងសាងសង់នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។
លោក Hu Sheng Gong អនុប្រធានក្រុមហ៊ុន Morgant Tower បានឲ្យដឹងថា ការវិនិយោគអាគារនេះ នៅកម្ពុជា គឺស្របតាមយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ នៃប្រទេសចិន និងជំរុញដោយគោលនយោបាយអាស៊ាន ដោយកម្ពុជា បានក្លាយជាប្រទេសដែលពេញនិយម និងចាប់អារម្មណ៍លើការវិនិយោគអចលនទ្រព្យ។
លោក បន្តថា ទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលរ៉ឹងមាំប្រៀបដូចដែកថែប ក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលជម្រុញឲ្យលោកវិនិយោគគម្រោងដ៏ធំនេះ នៅរាជធានីភ្នំពេញផងដែរ ។


លោក Seraj Sutton ប្រធានប្រតិបត្តិការិយាល័យនៃក្រុមហ៊ុន Century21 Cambodia ដែលជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ បានឲ្យដឹងដែរថា កិច្ចសហការគ្នាក្នុងការលក់ និងជួលគំរោងនេះ ជាមួយក្រុមហ៊ុនCentury21 មកពីប្រទេសចិន គឺដោយសារតែប្រទេសចិន ជាគោលដៅវិនិយោគដ៏មានសក្តានុពល មានអតិថិជនច្រើន មានឳកាសច្រើន ពិសេសក្រុមហ៊ុនទាំងនោះ មានបទពិសោធន៍ច្រើន និងមានការិយាល័យលក់ច្រើននៅប្រទេសចិន។
យោងតាមសេចក្តីប្រកាសព៌តមានបានឲ្យដឹងថា Morgant Tower គឺជាអគារការិយាល័យស្តង់ដារ អេប្រាំ (A5) ដែលនឹងក្លាយជាតំបន់ពាណិជ្ជកម្មពិសេសក្នុងក្រុងភ្នំពេញ មានកម្ពស់រហូតដល់៤៦ជាន់ ស្មើនឹងកម្ពស់២១០ម៉ែត្រ ដែលបាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម