Connect with us

បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ លេចធ្លោនៅក្នុងពិព័រណ៍បច្ចេកវិទ្យាទំនើបចិនលើកទី២០

ប្រទេសចិន ៖ នៅឯពិព័រណ៍បច្ចេកវិទ្យាទំនើបចិនឆ្នាំ២០១៨ ដែលបានធ្វើឡើងនាទីក្រុង សិនជិន ខេត្តគ័ងតុង ប្រទេសចិន មានបច្ចេកវិទ្យាមួយប្រភេទ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួម នោះគឺ បច្ចេកវិទ្យាទីក្រុងឆ្លាតវៃ។

នៅក្នុងពិព័រណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាដែលបង្កើតវត្ថុថ្មីៗជាច្រើន បាននាំយកផលិតផលដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលពួកគេបានរកឃើញ ជាហេតុនាំអោយអ្នកទស្សនា ស្ទើរតែច្រឡំថា ពិព័រណ៍នេះ ជាឆាកសម្ដែងភាពយន្តទៅហើយ។

ផលិតផលនិងបច្ចេកវិទ្យាថ្មីៗ ដែលមានតាំងបង្ហាញនៅទីនេះ រួមមានដូចជា ផ្ទាំងកញ្ចក់មួយដែលគេបំពាក់ជាមួយនឹងកាមេរ៉ាថតវីឌីអូ ដែលអាចផ្ដិតយករូបភាពហ្វូងមនុស្សនៅតាមផ្លូវភ្លាមៗ ហើយបញ្ជូនទិន្នន័យរូបភាពនោះ ទៅកាន់ប្រព័ន្ធមួយដែលវិភាគទ្រង់ទ្រាយមុខមាត់របស់មនុស្ស ដែលកាមេរ៉ានោះ ថតបាន។ ប្រព័ន្ធនេះ អាចប្ដូរទីតាំងបាន ហើយងាយស្រួលដំឡើងទៀតផង។

លោក លាវ មីងយូ តំណាងក្រុមហ៊ុនតាំងបង្ហាញផលិតផល បានអោយដឹងថា ដើម្បីបង្កើតឧប ករណ៍នេះបាន ក្រុមហ៊ុន បានបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ប្រព័ន្ធក្បួនដោះស្រាយបញ្ហាដែលចេះសិក្សាអំពីបញ្ហាបានស៊ីជម្រៅ បច្ចេកវិទ្យាសន្តិសុខឆ្លាតវៃ កាមេរ៉ាសម្គាល់មុខមនុស្ស ទិន្នន័យធំ និងប្រព័ន្ធផ្ទុកទិន្នន័យកុំព្យូទ័រនៅក្នុងក្លោត ។ ជាទូទៅ គេអាចប្រើវាបាននៅគ្រប់កាលៈទេសៈទាំងអស់ដែលគេត្រូវការប្រមូលទិន្នន័យ ដូចជានៅពេលមានអាសន្ន ឬ ប្រើវាជាលក្ខណៈបណ្ដោះអាសន្នក៏បាន។ និយាយជារួមទៅ បើយកឧបករណ៍នេះ ទៅតាមខ្លួន អាចចាប់ផ្ដើមបំពេញការងារបានភ្លាមៗតែម្ដង ។

ក្រុមហ៊ុនមួយទៀត បានយកឧបករណ៍ចាប់ផ្សែងដែលមិនប្រើខ្សែមួយ ដែលគេបានបង្កើតឡើងយ៉ាងថ្មីសន្លាងតែម្ដង។ គេអាចដាក់ឧបករណ៍នោះ នៅគ្រប់ទីកន្លែងបាន ដោយមិនចាំបាច់ដោតខ្សែអ្វីនោះទេ ហើយថ្មរបស់វា ក៏កាន់ជាប់ល្អ បានចាប់ពី៣ទៅ៥ឆ្នាំឯណោះ។

អ្នកនាង លី ជាស៊ី អ្នកតំណាងក្រុមហ៊ុនតាំងបង្ហាញផលិតផល បានបញ្ជាក់ថា នៅលើអេក្រង់ធំនេះ អាចមើលឃើញទិន្នន័យដល់ទៅចំនួន៦ខែឯណោះ ។ ឧបករណ៍ចាប់ផ្សែងនេះ បានបញ្ចេញសំលេងកន្ដឹងអាសន្នជាមុន ក្នុងហេតុការណ៍ភ្លើងឆេះ ដល់ទៅជាង៥ពាន់ករណីឯណោះ នៅក្នុងទីក្រុងមួយ។ ក្រុមហ៊ុន បានបង្កើតនិងផលិតឧបករណ៍ដែលឆ្លើយឆ្លងគ្នាបានតាមអ៊ីនធើណេតជាប្រព័ន្ធមួយ ដោយមិនចាំបាច់ប្រើខ្សែ ស៊ីភ្លើងតិច ហើយអាចប្រកាសកណ្ដឹងអាសន្នបាន ក្នុងពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ អ្នកនាង សង្ឃឹមថា បច្ចេកវិទ្យានេះ អាចចូលរួមចំណែកដល់ការអភិវឌ្ឍទីក្រុង។

ដោយមានឈ្មោះល្បីថាជាពិព័រណ៍បច្ចេកវិទ្យាលេខ១ប្រចាំប្រទេសចិន ពិព័រណ៍បច្ចេកវិទ្យាទំនើបនាឆ្នាំនេះ ផ្ដោតលើប្រធានបទ “គោលគំនិតអភិវឌ្ឍន៍ថ្មីដើម្បីភាពរីកចម្រើនប្រកបដោយគុណភាពខ្ពស់” ។ មានក្រុមហ៊ុនចំនួន៣៣៥៦ស្ថាប័ន បានមកចូលរួមតាំងបង្ហាញផលិតផល មកពីជាង៤០ប្រទេសនិងស្ថាប័នអន្តរជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម