Connect with us

ក្រសួងកសិកម្ម ណែនាំស្ដីពីវិធានការការពារនិងរក្សាទឹកទុក សម្រាប់ការងារបង្កបង្កើនផលស្រូវ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីណែនាំស្ដីពី វិធានការការពារ និងរក្សាទឹកទុក សម្រាប់ការងារបង្កបង្កើនផលស្រូវ នាចុងរដូវវស្សា និងរដូវប្រាំង ព្រមទាំងទប់ស្កាត់ការបាត់បង់បរិមាណ និងគុណភាពស្រូវរដូវវស្សាឆ្នាំ២០១៨ ក្នុងពេល និងក្រោយពេលប្រមូលផល។
ក្នុងសេចក្ដីណែនាំដែលបានចេញនៅថ្ងៃនេះ ក៏បានបញ្ជាក់ផងដែរថា គ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ត្រូវសហការឲ្យបានល្អ ជាមួយរដ្ឋបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកសិករម្ចាស់ម៉ាស៊ីន កិនស្រូវ និង អ្នកទិញលក់ស្រូវអង្ករ ដោយចាត់វិធានការជាបន្ទាន់ តាមខ្លឹមសារណែនាំ សំដៅធានាបាននូវសន្ដិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការបង្កើនសន្ទុះ នៃការនាំចេញអង្ករ និង ការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ ។
ការចេញសេចក្តីណែនាំនេះ បានធ្វើឡើងក្រោយពេលដែលតំបន់មួយចំនួនរបស់កម្ពុជា កំពុងរង គ្រោះដោយគ្រោះរាំងស្ងួត ។ តាមរបាយការណ៍ពីគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញកាលពីពេលថ្មីៗនេះ បានអោយដឹងថា ខេត្តចំនួន ១៣ បានកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួត ក្នុងនោះ ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណជិត ២ម៉ឺនហិកតា កំពុងរងផលប៉ះពាល់ ខណៈមន្ទីរធនធានទឹកនៅតាមបណ្តាខេត្តទាំងនោះ កំពុងរកវិធីជួយសង្រ្គោះ។


នៅចុងសប្តាហ៍មុន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក៏ណែនាំអោយមន្រ្តីធនធានទឹក ត្រូវចុះដល់ទី តាំងដែលកំពុងជួបប្រទះនូវកង្វះទឹកស្រោចស្រព និងប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាអោយ មានប្រសិទ្ធភាព និង ទាន់ពេលវេលា ។ ឯកឧត្តម ក៏បានបញ្ជារអោយ គ្រប់មន្ទីរធនធានទឹកទាំងអស់ ត្រូវធ្វើការងារជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ក្នុងន័យ ណែនាំដល់ប្រជាកសិករ ជៀសវាងការបង្កបង្កើនផល នាដើមរដូវច្រើនហួសហេតុ ឆ្ងាយពីប្រភពទឹក ដែលអាចក្លាយជាមហន្តរាយធ្ងន់ធ្ងរ ឈានទៅដល់កង្វះខាតទឹកប្រើប្រាស់ ពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃថែមទៀត ។
ឯកឧត្តម លឹម គានហោ បានណែនាំអោយមន្រ្តីជំនាញ ត្រូវយកចិត្តទុកដាក់ និងដោះស្រាយដោយប្រើប្រាស់គ្រប់លទ្ធភាព ក្នុងការជួយសង្គ្រោះដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករនៅគ្រប់កន្លែងដែលមានប្រភពទឹក។
សូមបញ្ជាក់ថា ដោយសារតែស្ថានភាពអាកាសធាតុមានការប្រែប្រួលខុសពីទម្លាប់ ដែលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពភ្លៀងដើមឆ្នាំ បានលឿន និង ចុងឆ្នាំអូសបន្លាយ ។ ជាមួយនេះ ក៏មានការព្យាករណ៍ថា ឆ្នាំ ២០១៩ ខាងមុខ អាចភ្លៀងដើមឆ្នាំមានសភាពយឺត ដែលជាហេតុ បណ្តាលឲ្យមានការព្រួយបារម្ភពីកង្វះខាតទឹកស្រោចស្រព និង ប្រើប្រាស់ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម