Connect with us

តោះមកស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក ដែលប្រទេសកម្ពុជា កំពុងប្រារព្ធធ្វើ

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើម នៅថ្ងៃទី ២១ ខែវិច្ឆិកានេះ ដែលមានរយៈពេល ៣ថ្ងៃ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ។
ព្រះរាជពិធីបុណ្យប្រពៃណីនេះ តែងតែត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ លើកលែងតែក្នុង ករណីប្រធានសក្តិ ដែលមិនអាចរៀបចំពិធីបាន ។
បើយោងតាមសៀវភៅប្រវត្តិបុណ្យអុំទូករបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ និង អន្តរជាតិ បានអោយដឹងថា ព្រះរាជពិធីនេះ មានតាំងពីបូរមបុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ ។

សៀវភៅនេះ ក៏បានលើកឡើងពីការបកស្រាយ ប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។ តោះមកមើលការបកស្រាយទាំងនោះ ដូចខាងក្រោម៖
១. បើតាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ បានសរសេថា នៅក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូក ជាចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុតស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១)។ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និង ដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។

២. បើតាមឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជាក្រោម បានសរសេ ថា នៅសម័យលង្វែក ព.ស ២០៧១ ត្រូវនឹងគ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។ ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុក ដែលមានទាហានជើងទឹក ចែកជា៣ក្រុម ៖
-ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូច ទូកប្រណាំងយើងសព្វថ្ងៃ។
-ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រ ណាំងយើងសព្វថ្ងៃ។
-ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព ។
របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាននៅក្នុងឱវាទស្និទ្ធិភូបាល ។ ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះ មន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់ រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងឫទ្ធិ ឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះ មានទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល ។
ផ្អែកលើប្រភពទាំងពីរនេះ គេបានសន្និដ្ឋានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និង មានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរហូតមក ។ ជាងនេះទៅទៀត អាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះ រៀងរហូតមក គឺ ជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។

៣. ដោយឡែកឯកសារខ្លះទៀត បានសរសេរថា ព្រះរាជពិធីបុណ្យអុំទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យនេះ មានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំ រដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះ មានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។
ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញសាសនា ហើយស្របនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរ។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុង រយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយ ទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង ។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់ តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរ មានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែប នៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រក បានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។
ដូច្នេះហើយបានជាដល់រដូវទឹកស្រកបុរាណ ខ្មែរ បានកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក ដើម្បីសម្តែងមនោសញ្ចេតនា ដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិ យ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម