Connect with us

អាជ្ញាធរអំពាវនាវ ដល់ពលរដ្ឋដែលមកចូលរួមបុណ្យអុំទូក សូមចូលរួមរក្សាបរិស្ថានអនាម័យល្អ

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមប្រមាណ ១៦៧១ ធុង និងកម្លាំងសម្អាតប្រមាណ ៨០០ នាក់ ដើម្បីកុំឱ្យកើតមានបាតុភាពរាយប៉ាយសំរាមពាសវាលពាសកាល ក្នុងអំឡុងពេលនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលកំពុងចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឆិកានេះ។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន ក៏បានអះអាងថា បានដាក់ពង្រាយមន្ត្រី និងអ្នកស្ម័គ្រចិត្តប្រមាណជា ៣០០ នាក់ ចុះអប់រំពលរដ្ឋពីផលប៉ះពាល់ចំពោះការចោលសំរាម ផងដែរ។

បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ធុងសំរាមទាំងចំនួន ១៦៧១ ធុងនេះបានដាក់នៅតាមទីតាំងសំខាន់ៗ ដូចជា មាត់ទន្លេ តាមសួនច្បារ ទីតាំងប្រគំតន្ត្រី និង ទីកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ដោយមានកម្លាំង ចំនួន ៨៣៥ នាក់ សម្រាប់កើបសំរាម និងចុះអប់រំកុំឱ្យមានការចោលសំរាមផ្ដេសផ្ដាស ។
ទោះយ៉ាងណា លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការរៀបចំទុកដាក់សម្រាមនេះ គឺទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ។

លោក បានអះអាងផងដែរថា អាជ្ញាធរនឹងខិតខំគ្រប់រូបភាព គ្រប់មធ្យោបាយទាំងអស់ ដើម្បីគ្រប់គ្រងបញ្ហាសំរាមនេះឱ្យល្អប្រសើរ ដោយមិនចង់ឱ្យមានបាតុភាពអ្វីកើតឡើងរឿងបញ្ហាសំរាមនោះទេ ។
ដោយឡែកក្រសួងបរិស្ថាន ក៏បានដាក់ពង្រាយមន្ត្រី និងយុវជនស្ម័គ្រចិត្តប្រមាណជា ៣០០ នាក់ ដើម្បីដើរត្រួតពិនិត្យ និង អប់រំពលរដ្ឋឲ្យយល់ដឹងពីផលប៉ះពាល់បរិស្ថានដោយសារការបោះចោលសំរាមនេះផងដែរ រួមនឹងការព្រមានពិន័យចំពោះអ្នកបោះចោលសំរាម ។
ទន្ទឹមគ្នានេះ ក្រុមហ៊ុនស៊ិនទ្រី ក៏បានដាក់ពង្រាយកម្មករ ២៧៤ នាក់ និងរថយន្ត ៤៥ គ្រឿងដើម្បីប្រមូល និងដឹកសំរាមនៅក្នុងពិធីបុណ្យអុំទូករយៈពេល ៣ ថ្ងៃ ។
គួររំលឹកថា ជារៀងរាល់ពិធីបុណ្យអុំទូក បញ្ហាដែលកើតញឹកញាប់ និងខូចសោភ័ណភាពនោះ គឺ ការបោះចោលសម្រាមពាសវាលពាសកាល ហើយពេលខ្លះ សួនច្បារមួយចំនួន បានរងការខូច ខាតស្ទើរទាំងស្រុង ដោយសារតែបំពានពីអ្នកចូលរួមពិធី ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម