Connect with us

ពលរដ្ឋប្រមាណជាង ៥០ម៉ឺននាក់ និង ទេសចរអន្តរជាតិ ៣ពាន់នាក់ បានចូលរួមទស្សនាបុណ្យ អុំទូក ថ្ងៃទី១

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូន ទាំងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការចូលរួមទស្សនាពីសំណាក់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរអន្តរជាតិ ។
បើយោងរបាយការណ៍ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ បានអោយដឹងថា ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានអ្នកចូលរួមទស្សនាចន្លោះពី ៥០ទៅ៦០ម៉ឺននាក់ ។ របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃម្សិលម៉ិញនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់។
ពាក់ព័ន្ធនឹងព្រះរាជពិធីនេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា ភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង ៣,០០០នាក់ បានចូលរួមទស្សនាការប្រណាំងទូក និង ពិធីបណ្ដែតប្រទីប នៅលើវេទិការបស់ក្រសួងទេសចរណ៍ ប្រកបដោយភាពសប្បាយរីករាយ ។


គួររំលឹកថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ បានរៀបចំវេទិកាធំមួយ នៅខាងមុខព្រះបរមរាជវាំង (ជាប់មាត់ទន្លេ) ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ដែលចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ក៏ដូចជាទស្សនាការប្រណាំងទូក និងពិធីបណ្ដែតប្រទីបជាដើម។ នៅលើវេទិកានេះ មានបម្រើសេវាកម្មទឹកបរិសុទ្ធ និងភេសជ្ជៈនានាដោយឥតគិតថ្លៃ ហើយមានការបកប្រែជាបីភាសា ទាំងផ្ទាល់មាត់ផង និងឧបករណ៍ស្ដាប់នឹងត្រចៀកផង (កាស) ជូនភ្ញៀវបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង និងភាសាចិន ។ ភ្ញៀវទេសចរ ក៏ទទួលបាននូវឯកសារផ្សព្វផ្សាយស្ដីពីទេសចរណ៍ និងសម្ភារផ្សព្វផ្សាយមួយចំនួនទៀតផងដែរ។
បើតាមឯកឧត្តម រដ្ឋមន្រ្តី ថោង ខុន បានអោយដឹងថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះ មានដូចជា ភ្ញៀវជនជាតិបារាំង អង់គ្លេស ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយក៏មានភ្ញៀវមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ការរៀបចំជូនភ្ញៀវទេសចរអន្តរជាតិទាំងនេះ នឹងជួយដល់ការផ្សព្វផ្សាយបន្ថែមពីសភាពការណ៍ពិតនៅកម្ពុជា និង ពីផលិតផលទេសចរណ៍ដ៏សម្បូរបែប ដូចជាព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និង ប្រពៃណីនៃពិធីបុណ្យអុំទូកដ៏ល្អឯកនេះ ហើយកម្ពុជា ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានបំណងចង់មកទស្សនាកម្សាន្តនៅកម្ពុជា ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម