Connect with us

រដ្ឋមន្រ្តីព័ត៌មាន រំពឹងថា នឹងមានអ្នកជួយឧបត្ថម្ភដល់ក្រុមកម្មកររើសសម្រាម ក្នុងបុណ្យអុំទូក

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រំពឹងថា នឹងមានអ្នកជួយឧបត្ថម្ភដល់ក្រុមកម្មករប្រមូលសំរាម ក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក ។ យោងតាមបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា មិនមែនគោះប៉ោតទេ តែថ្ងៃនេះ ឯកឧត្តម បានជួយមួយលានរៀលទៅក្រុមប្រមូលសំរាមក្រុង ដោយអោយទៅយកពីក្រុមការងារទួរទស្សន៍ជាតិកម្ពុជា ក្បែរព្រះអង្គដងទង់ ។ ឯកឧត្តម សង្ឃឹមថា ក្រៅពីជួយទូក ង សូមមានអ្នកជួយកម្មករប្រមូលសំរាមផង ។
គួរកត់សម្គាល់ថា បើទោះបីជាមានការដាក់ពង្រាយធុងសម្រាមជាង ១ពាន់ធុង និងការចុះអប់រំផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញ មានប្រជាពលរដ្ឋមួយចំនួននៅតែបន្តបោះសម្រាមចោលពាសវាលពាសកាល ជាពិសេសនៅតាមសួនច្បារ ដែលជាកន្លែងអង្គុយលេងកម្សាន្ត និងការលក់ដូរចំណីអាហារ ។
តាមរដ្ឋបាលសាលារាជធានីភ្នំពេញ បានអោយដឹងថា បើទោះបីជាត្រូវបោសសម្អាតចាប់ពីម៉ោង ១២:០០យប់ រហូតដល់ម៉ោង ៧:០០ព្រឹក ក្តី ក៏ក្រុមប្រមូលសម្រាមសាលាក្រុង នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ប្រជាពលរដ្ឋ នៅថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នេះ។ ក្នុងនោះ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅតែបន្តអំពាវនាវដល់ប្រ ជាពលរដ្ឋ មេត្តាចូលរួមទុកដាក់សម្រាមអោយបានត្រឹមត្រូវ ដោយលើកឡើងថា បរិស្ថានស្អាត ផ្តើមចេញពីយើងគ្រប់ៗគ្នា ។


សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមប្រមាណ ១៦៧១ ធុង និងកម្លាំងសម្អាតប្រមាណ ៨០០ នាក់ ដើម្បីកុំឱ្យកើតមានបាតុភាពរាយប៉ាយសំរាមពាសវាលពាសកាល ក្នុងអំឡុងពេលនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលកំពុងចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឆិកានេះ។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន ក៏បានអះអាងថា បានដាក់ពង្រាយមន្ត្រី និងអ្នកស្ម័គ្រចិត្តប្រមាណជា ៣០០ នាក់ ចុះអប់រំពលរដ្ឋពីផលប៉ះពាល់ចំពោះការចោលសំរាម ផងដែរ។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ធុងសំរាមទាំងចំនួន ១៦៧១ ធុងនេះបានដាក់នៅតាមទីតាំងសំខាន់ៗ ដូចជា មាត់ទន្លេ តាមសួនច្បារ ទីតាំងប្រគំតន្ត្រី និង ទីកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ដោយមានកម្លាំង ចំនួន ៨៣៥ នាក់ សម្រាប់កើបសំរាម និងចុះអប់រំកុំឱ្យមានការចោលសំរាមផ្ដេសផ្ដាស ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម