Connect with us

គ្រួសារដែលមានសមាជិកស្លាប់ដោយសារកូវីដ១៩ ទទួលប្រាក់សម្រាប់ចំណាយថ្លៃទឹកភ្លើងចំនួន៥ខែពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបង់ប្រាក់ថ្លៃទឹកភ្លើងជូនដល់ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ចំនួន៥ខែ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា បានថ្លែងថា យន្តការនៃការបើកថ្លៃទឹកភ្លើងជូននេះ ខាងមន្ត្រីសង្គមកិច្ច រួមជាមួយអាជ្ញាធភូមិឃុំ និងក្រុមការងាររបស់ធនាគារវីង នឹងចុះទៅបើកលុយជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ដោយផ្ទាល់តែម្តង ។ លោក បញ្ញា បន្តថា នាយកដ្ឋានសុខមាលភាពនៃក្រសួងសង្គមកិច្ចកំពុងតែធ្វើការងារនេះ ជាមួយក្រសួងសុខាភិបាល ដើម្បីស្រង់ស្ថិតិពិតប្រាកដ ពីចំនួនគ្រួសារ និងសមាជិកគ្រួសាររងផលប៉ះពាល់ទាំងនោះ បន្ទាប់ពីបានទិន្នន័យគ្រប់គ្រាន់ហើយ ក្រសួងនឹងរៀបចំបើកជូនគាត់ភ្លាម។

លោក ឈួរ សុខបញ្ញា បញ្ជាក់ថា យ៉ាងយូរក្នុងអំឡុងខែកក្កដានេះ ប្រជាពលរដ្ឋដែលមានសមាជិកគ្រួសារស្លាប់ដោយសារជំងឺកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភទាំងនេះហើយ ដោយពេលនេះលោក ទទួលបានស្ថិតិបឋមប្រមាណ ៣០០គ្រួសារនៅបណ្តាខេត្តនានា និងរាជធានីភ្នំពេញចំនួនប្រមាណ១៩០គ្រួសារ ។ លោកបន្តថា ក្រសួងនឹងរៀបចំបើកជូនចំនួនខេត្ត១៩ជាមុន ហើយសម្រាប់រាជធានីភ្នំពេញ នឹងបន្តបើកជូនពេលក្រោយ ព្រោះមេភូមិមេឃុំ សង្កាត់កំពុងស្រង់ស្ថិតិថា អ្នកណាជាអ្នកដែលត្រូវទទួលបានប្រាក់ទាំងនេះ។

លោកបញ្ញាបន្តថា ចំពោះករណីស្លាប់ កុំឱ្យមានការបារម្ភ រាជរដ្ឋាភិបាលនឹងផ្តល់ជូន ទោះបីប្រជាពលរដ្ឋមានបណ្ណក្រីក្រក្តី មានបណ្ណបេឡាសន្តិសុខសង្គម (បសស) ក្តី គឺផ្តល់ជូនទាំងអស់ ដែលនេះជាការចូលរួមចំណែករបស់រាជរដ្ឋាភិបាល រំលែកទុក្ខជាមួយគ្រួសារសព មិនចាំបាច់ឱ្យគ្រួសារសពពិបាកមកបើកនៅតាមបញ្ជរវីងទេ គឺយកទៅជូនដល់ផ្ទះតែម្តង។

សូមបញ្ជាក់ថា សម្រាប់គ្រួសារដែលមានសមាជិក១នាក់ ទទួលបានថ្លៃទឹក ៤៥.០០០រៀល ថ្លៃភ្លើង ៩៥.០០០រៀល សមាជិក២នាក់ទៅ៣នាក់ទទួលបានថ្លៃទឹក១១ម៉ឺន២០០០រៀល ថ្លៃភ្លើង ២១ម៉ឺន៣៥០០រៀល និងសមាជិក៤នាក់ឡើងទៅ ទទួលបានថ្លៃទឹក១៥ម៉ឺន៥០០០រៀល ថ្លៃភ្លើង៣០ម៉ឺន៥០០០រៀល (រយៈពេល៥ខែ) រួមជាមួយថ្លៃស្បៀងអាហារ ៣០ម៉ឺនរៀលបន្ថែមពីលើថ្លៃទឹក និងថ្លៃភ្លើង៕

ដោយ៖ គង់ វណ្ណៈ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម