Connect with us

ក្លិបបាល់ទាត់នៅលីគកំពូលជប៉ុនមួយ នឹងប្រើប្រាស់និមិត្តសញ្ញា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ” លើឯកសណ្ឋាន

ជប៉ុន៖ ក្លិបបាល់ទាត់ Shimizu S-Pulse នឹងបោះពុម្ពនិមិត្តសញ្ញា (Logo) កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ “Cambodia-Kingdom of Wonder” នៅលើឯកសណ្ឋានរបស់ខ្លួន សម្រាប់ការប្រកួតបាល់ទាត់នៅលីគកំពូលនៃប្រទេសជប៉ុន។

យោងតាមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោកឯកអគ្គរាជទូតកម្ពុជា បានជួបជាមួយប្រធានក្រុមហ៊ុនជប៉ុន Taica Corporation ហើយក្រុមហ៊ុននេះ បានឧបត្ថម្ភដើម្បីដាក់និមិត្តសញ្ញានេះ នៅលើឯកសណ្ឋានកីឡារបស់ក្រុមបាល់ទាត់ Shimizu S-Pulse ។

ការធ្វើបែបនេះ អាចផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅដល់ប្រជាជនជប៉ុន ក្នុងគោលបំណងទាក់ទាញទេសចរចូលមកកម្ពុជាផងដែរ។

ស្ថានទូតកម្ពុជាបន្តថា ក្រុមហ៊ុន Taica នឹងរៀបចំការប្រកួតបាល់ទាត់ក្នុងលីគកំពូលជប៉ុន រវាងក្រុម Yokohama FC ប្រកួតជាមួយក្រុម Shimizu S-Pulse នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដោយដាក់ឈ្មោះថា Cambodia Day ។

សូមជម្រាបថា ក្លិបបាល់ទាត់ Shimizu S-Pulse បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shizuoka នៃប្រទេសជប៉ុន។ កីឡដ្ឋាន IAI Stadium Nihondaira របស់ក្លិប Shimizu S-Pulse អាចផ្ទុកអ្នកទស្សនាបានចំនួន ២០.២៤៨ នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម