Connect with us

ថ្ងៃទី២ នៃបុណ្យអុំទូក សម្រាមកើនឡើង២ដង បើធៀបនឹងថ្ងៃទី១ តែក្រុមការងារ នៅតែប្រមូលសម្រាម បានទាន់ពេលវេលា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់ខ្លួនថា នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សំរាមបានកើនឡើងជិត២ដង បើធៀបនឹងថ្ងៃទី១ ។ ទោះយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា បើទោះបីជាបុគ្គលិកបោសសម្អាត និងប្រមូលសំរាម ត្រូវបោសសម្អាត ចាប់ពីម៉ោង ១២៖០០យប់ រហូតដល់ម៉ោង ៧៖៣០ព្រឹក ក្តី ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានបរិស្ថាន សោភ័ណភាព និងសម្រស់ទីក្រុងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ពលរដ្ឋ នៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨នេះ។


សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានដាក់ពង្រាយធុងសំរាមប្រមាណ ១៦៧១ ធុង និងកម្លាំងសម្អាតប្រមាណ ៨០០ នាក់ ដើម្បីកុំឱ្យកើតមានបាតុភាពរាយប៉ាយសំរាមពាសវាលពាសកាល ក្នុងអំឡុងពេលនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលកំពុងចាប់ផ្តើមពីថ្ងៃទី ២១ ខែវិច្ឆិកានេះ។ ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន ក៏បានអះអាងថា បានដាក់ពង្រាយមន្ត្រី និងអ្នកស្ម័គ្រចិត្តប្រមាណជា ៣០០ នាក់ ចុះអប់រំពលរដ្ឋពីផលប៉ះពាល់ចំពោះការចោលសំរាម ផងដែរ។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ធុងសំរាមទាំងចំនួន ១៦៧១ ធុងនេះបានដាក់នៅតាមទីតាំងសំខាន់ៗ ដូចជា មាត់ទន្លេ តាមសួនច្បារ ទីតាំងប្រគំតន្ត្រី និង ទីកន្លែងស្នាក់នៅរបស់កីឡាករអុំទូក ដោយមានកម្លាំង ចំនួន ៨៣៥ នាក់ សម្រាប់កើបសំរាម និងចុះអប់រំកុំឱ្យមានការចោលសំរាមផ្ដេសផ្ដាស ។
ជាមួយគ្នានេះ ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ និងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយស្នើឲ្យម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ដ្រី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឬ ថង់សម្រាប់ទុកដាក់សំរាម ដែលកើតមានពីអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
ដោយឡែកចំពោះបងប្អូន ដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋ ដែលមកលេងកំសាន្ដទាំងអស់ ក៏សូមមេត្ដាជួយថែរក្សាអនាម័យ ដោយត្រូវវេងខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួន នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម