Connect with us

ក្រុមហ៊ុនដ៏ធំរបស់ចិន នឹងសាកល្បងនាំយកពូជស្រូវ និងកប្បាសមកដាំនៅកម្ពុជា មុននឹងធ្វើការវិនិយោគលើដំណាំទាំងពីរ

ប្រទេសចិន ៖ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសចិន បានអះអាងថា ក្រុមហ៊ុនកំពុងសហការជាមួយអ្នក ស្រាវជ្រាវដំណាំកសិកម្ម ដើម្បីផលិតពូជស្រូវ និងកប្បាស មកសាកល្បងដាំនៅក្នុងប្រទេស កម្ពុជា មុននឹងធ្វើការដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ។ ការអះអាងនេះ បានធ្វើឡើងនៅចំពោះមុខ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឪកាសដែលប្រតិក្រសួងកសិកម្មកម្ពុជា បានទៅពិនិត្យសួនឧស្សាហកម្ម Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ ប្រទេសចិន ។
សូមបញ្ជាក់ថា សួនឧស្សាហកម្មនេះ សាងសង់លើផ្ទៃដីជាង១០០ហិចតា ក្នុងនោះ ចែកចេញជាតំបន់ផលិត ដូចជា ការកែច្នៃកប្បាសជាអំបោះ ត្បាញក្រណាត់ ជ្រលក់ពណ៌ មន្ទីរពិសោធន៍គុណភាព កាត់ដេរសំលៀកបំពាក់ តំបន់រដ្ឋបាល អគារស្នាក់នៅ និង តំបន់លំហែរកាយ ដែលមានបុគ្គលិកជាង១ម៉ឺននាក់ ។ មកទល់បច្ចុប្បន្នក្រុមហ៊ុន មានអាយុជាង៦០ឆ្នាំ និង មានរោងចក្រ នៅទូទាំងពិភពលោកចំនួន១២ ក្នុងចំណោមនោះ មាន២ ដែលកំពុងដំណើរការនៅកម្ពុជា គឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory ។


បើតាមលោក Kong Xiang Jun ប្រធានក្រុមហ៊ុន បានឲ្យដឹងថា ត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនរបស់លោក បានសម្រេចការលក់សំលៀកបំពាក់ ទៅកាន់ទីផ្សារពិភពលោកបានជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិច ដែលនេះ ត្រូវការវត្ថុធាតុដើមកប្បាស ជាង៥ម៉ឺនតោនសម្រាប់យកមកកែច្នៃ។
លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មិនត្រឹមតែធ្វើការវិនិយោគលើវិស័យឧស្សាហកម្មកែឆ្នៃអំបោះ និងកាត់ដេរនោះទេ ប៉ុន្តែ ក៏មានវិស័យកសិកម្ម និងពាណិជ្ជកម្ម បាននិងកំពុងដំណើរផងដែរ។ ដោយក្នុងនោះ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបាននិងកំពុងធ្វើការវិនិយោគលើផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការធ្វើអាជីវកម្មស្រូវអង្ករ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មឲ្យបានពេញលេញ និងអស់លទ្ធភាព ក្រុមហ៊ុនក៏បានធ្វើការចិញ្ចឹមត្រី និងមាន់ ដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ដោយសង្គេតឃើញថា កម្ពុជាមានធនធានធម្មជាតិយ៉ាងល្អប្រពៃ និងមានសក្តានុពលខ្ពស់ក្នុងការធ្វើកសិកម្ម ក្រុមហ៊ុនរបស់លោក បាននិងកំពុងសហការជាមួយវិទ្យាស្ថានធំៗមួយចំនួន នៅប្រទេសចិន ដែលមានជំនាញ និងបច្ចេកវិទ្យាខ្ពស់ក្នុងការសិក្សា ស្រាវជ្រាវ និងផលិតពូជស្រូវ និងពូជកប្បាសដែលមានទាំងគុណភាព ទិន្នផលខ្ពស់សមស្របទៅស្ថានភាពដី និងអាកាសធាតុមកសាកល្បងដាំនៅកម្ពុជា សម្រាប់នាំចេញនៅថ្ងៃអនាគត។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន បានស្វាគមន៍ចំពោះក្រុមហ៊ុន ដែលមានបំណងវិនិយោគលើផលិតកម្មស្រូវ និងកប្បាស នៅកម្ពុជានាពេលអនាគត។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា កន្លងមក កម្ពុជាផលិតស្បៀង សម្រាប់តែផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាមានលទ្ធភាពផលិត និងនាំចេញ ។


ចំពោះអនុស្សរណៈយោគយល់គ្នាដែលភាគីទាំងពីរបានចុះហត្ថលេខា គឺជាជំហានចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និង វិស័យឯកជន ដែលពិតជាមានសារ:សំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើន សម្រាប់កសិករកម្ពុជា តាមរយ: ការបង្កើតការងារ ទទួលបានបច្ចេកវិទ្យាថ្មី ពិសេសបង្កើនប្រាក់ចំណូល ប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ គម្រោងនេះ នឹងចូលរួមចំណែកសម្រេចបានចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។
ឯកឧត្តម រដ្ឋមន្រ្តី បានសន្យាថា ក្រសួងកសិកម្ម តាមរយៈអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មពាក់ព័ន្ធ នឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យ តាមការគ្រោងទុក៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម