Connect with us

ថ្ងៃទី២ មានមនុស្សមកចូលរួមទស្សនាបុណ្យអុំទូក កើនដល់ជិត ១លាននាក់ ខណៈសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើរ

ភ្នំពេញ ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានបិទបញ្ចប់ ដោយប្រព្រឹត្តទៅយ៉ាងល្អប្រសើរ និង មានអ្នកចូលរួមទស្សនា ប្រមាណជិត១លាននាក់ នេះបើយោងរបាយការណ៍ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ ។
របាយការណ៍ ក៏បានឲ្យដឹងថា នៅថ្ងៃទី២ មានទូកចូលរួមប្រកួត ចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់។
ដោយឡែក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក នៅលើវេទិការបស់ក្រសួងទេសចរណ៍ ក៏មានការកើនឡើងជាងថ្ងៃទី១ ពោលគឺមានចំនួនដល់ទៅជាង ៤,០០០នាក់ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។


បើតាមឯកឧត្តម ថោង ខុន ភ្ញៀវទេសចរបរទេស ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ហើយពួកគេបានបញ្ជាក់ថា នឹងពាំនាំទិដ្ឋភាពដ៏អស្ចារ្យនេះ ទៅផ្សព្វផ្សាយដល់ប្រទេសរបស់ខ្លួន ដើម្បីឱ្យបានយល់ច្បាស់ពីសភាពការណ៍ពិតក្នុងប្រទេសកម្ពុជា ដែលពោរពេញទៅដោយសន្តិភាព សន្តិសុខ ស្ថិរភាព និងផលិតផលទេសចរណ៍ល្អៗជាច្រើនសម្បូរបែប ។
ភ្ញៀវបរទេសដែលបានចូលរួមទស្សនានៅលើវេទិការ នាថ្ងៃទីពីរ មានដូចជាភ្ញៀវជនជាតិបារាំង អង់គ្លេស ប៉ូឡូញ រុស្ស៊ី អេស្បាញ អាល្លឺម៉ង់ អាមេរិក ចិន កូរ៉េ ជប៉ុន ឥណ្ឌា វៀតណាម ហើយក៏មានភ្ញៀវមកពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា និង មកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបាន អា ស៊ាន ទទួលស្គាល់ និងគោរពកោតសរសើរ ហើយបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយរបស់អាស៊ានផងដែរ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម