Connect with us

រកឃើញអត្តពលិកអូឡាំពិក ២នាក់ ឆ្លងកូវីដ១៩ មុនពិធីបើកនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ

តូក្យូ៖ អត្តពលិកពីរនាក់ ដែលរស់នៅក្នុងភូមិអូឡាំពិក បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ មុនការបើកអូឡាំពិកទីក្រុងតូក្យូនៅថ្ងៃសុក្រខាងមុខនេះ។ អ្នករៀបចំកម្មវិធី បានបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានលើអត្តពលិក២នាក់ នៅថ្ងៃអាទិត្យនេះ ហើយអ្នកទាំងពីរនេះ មិនមែនជាជនជាតិជប៉ុនទេ។

អ្នករៀបចំការប្រកួត ក៏បាននិយាយដែរថា អត្តពលិកម្នាក់ទៀតបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែបុគ្គលនេះមិនស្នាក់នៅក្នុងភូមិអូឡាំពិកទេ។ អត្តពលិករូបនេះ ក៏ត្រូវបានស្គាល់ថាមិនមែនជាជនជាតិជប៉ុនដែរ។

អ្នករៀបចំកម្មវិធី បាននិយាយថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា មនុស្សចំនួន ៥៥ នាក់ដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិក បានរាយការណ៍អំពីការធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។

សូមជម្រាបថា ភូមិអូឡាំពិក នៅឆ្នេរសមុទ្រតូក្យូ នឹងទទួលការស្នាក់នៅរបស់អត្តពលិកអូឡាំពិកចំនួន ១១.០០០ នាក់ និងបុគ្គលិករាប់ពាន់នាក់ផ្សេងទៀត។

ទីក្រុងតូក្យូ បានកត់ត្រាករណីថ្មីនៃកូវីដ១៩ ចំនួន ១៤១០ ករណីកាលពីថ្ងៃសៅរ៍ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៦ខែ។

អូឡាំពិក នឹងបើកនៅថ្ងៃសុក្រសប្ដាហ៍ក្រោយ ក្រោមស្ថានភាពអាសន្នដែលមានរយៈពេលរហូតដល់ថ្ងៃទី ២២ ខែសីហា។ ការប្រកួតកីឡាអូឡាំពិក នឹងបិទបញ្ចប់នៅថ្ងៃទី ៨ ខែសីហា។ អ្នកគាំទ្រ និងអ្នកក្នុងស្រុក ព្រមទាំងអ្នកគាំទ្រមកពីបរទេស ត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុងតូក្យូនិងខេត្តជិតខាងទាំង៣ឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម