Connect with us

តោះត្រៀមខ្លួនទៅលេងបុណ្យសមុទ្រនៅខេត្តកោះកុង នាពាក់កណ្តាលខែធ្នូខាងមុខនេះ

កោះកុង ៖ នៅសល់តែ១៨ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នឹងចាប់ផ្តើមនៅខេត្តកោះកុង ខណៈដែលការរៀបចំនានាសម្រាប់ព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ ត្រូវបានត្រៀមរួចរាល់អស់ហើយ ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ នៅខេត្តកោះកុង ដើម្បីពិនិត្យមើលនូវការរៀបចំនានា ទាក់ទងនឹងពិធីបុណ្យសមុទ្រ នេះ និងបានអះអាងថា អ្វីៗ ត្រូវបានត្រៀមរួចរាល់ និងរង់ចាំស្វាគមន៍ដល់អ្នកដែលមកចូលរួម។
បើតាមរបាយការណ៍ពីកិច្ចប្រជុំ បានអោយដឹងថា ផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិល ឆ្ពោះទៅខេត្តកោះកុង ត្រូវបានក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់កងវិស្វកម្ម កំពុងសហការគ្នាពន្លឿនការជួសជុលជិតរួចរាល់ ១០០% ហើយ។
ដោយឡែក ក្រៅពីការស្នាក់នៅក្នុងទឹកដីកម្ពុជា ខាងថៃ (ខេត្តត្រាត) ក៏បានផ្តល់កិច្ចសហការដ៏ល្អ ក្នុងការត្រៀមរៀបចំទទួលភ្ញៀវកម្ពុជា ស្នាក់នៅលើទឹកដីថៃ ក្នុងតម្លែសមរម្យផងដែរ ទាំងនៅខ្លងយ៉ែ និង នៅត្រាត ។ ក្នុងនោះ ភាគីថៃ បានត្រៀមបន្ទប់ស្នាក់មិនតិចជាង ៦០០បន្ទប់ឡើយ ដែលតម្លៃចន្លោះពី ៣០០-៨០០បាត នៅខ្លងយ៉ៃ និង ចន្លោះពី ១២០០-១៥០០បាត នៅទីរួមខេត្តត្រាត ។


ទាក់ទងនឹងការធ្វើដំណើរទៅមករវាងខេត្តកោះកុង-ខេត្តត្រាតវិញ ឯកឧត្តម រដ្ឋមន្ត្រី ថោងខុន ក៏បានស្នើឱ្យក្រុមការងារកម្ពុជា ទំនាក់ទំនងជាមួយភាគីថៃ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបើកបរ រថយន្តពីកម្ពុជា ឆ្លងទៅខេត្តត្រាត ឬ ពីត្រាតមកកោះកុង ឱ្យមានភាពងាយស្រួលជាងថ្ងៃ ធម្មតា និង គួរស្នើសុំឱ្យមានការបើកអនុញ្ញាតឆ្លងចេញចូល ២៤ម៉ោង ក្នុងរយៈពេលបុណ្យ ៣ថ្ងៃ ដូចកាលបុណ្យសមុទ្រលើកមុនដែរ ។
ដោយឡែក សម្រាប់គ្រប់គោលដៅទេសចរណ៍កម្សាន្ត ទាំងនៅឆាយអារ៉ែង ជីផាត ព្រែកោងកាង ឆ្នេរខ្សាច់ថ្មីបាក់ខ្លង តំបន់កម្សាន្តផ្សេងទៀត ក៏បានត្រៀមរួចរាល់។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យសមុទ្រនេះដែរ ក៏មានការត្រៀមរៀបចំស្តង់ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម និង ម្ហូបអាហារ ចំនួន ៤០០ស្តង់ សម្រាប់ភ្ញៀវទេសចរ ដែលមកចូលរួមផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានរំឭកដល់អាជ្ញាធរខេត្ត ឱ្យមានការអប់រំ និងត្រួតពិនិត្យអាជីវករទាំងអស់នៅខេត្តកោះកុង សូមកុំតម្លើងថ្លៃសេវាកម្មហួសហេតុ ដែលធ្វើអោយប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម