Connect with us

ជំនន់ទឹកភ្លៀង សម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ក្នុងប្រទេសចិន

ចិន៖ ក្រុមមន្ត្រីចិន កាលពីថ្ងៃពុធ បាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ នៅក្នុងខេត្តហេណាន ដែលបានរងគ្រោះដោយសារទឹកជំនន់ដ៏ធំ ខណៈដែលភ្លៀងធ្លាក់ថែមទៀតត្រូវបានព្យាករថានឹងកើតមាននៅក្នុងខេត្តមួយនេះដែលស្ថិតនៅភាគកណ្ដាលប្រទេសចិន។

ពលរដ្ឋប្រមាណ ១០ម៉ឺននាក់ត្រូវបានជម្លៀសចេញពីទីក្រុងចឹងចូវ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និងដឹកជញ្ជូនរបស់ខេត្តហេណាន ហើយបណ្ដាញផ្លូវដែក និងផ្លូវថ្នល់ត្រូវបានបង្អាក់។

កម្រិតទឹកតាមទំនប់ និងអាងស្តុកទឹកនានាបានឡើងដល់កម្រិតប្រកាសអាសន្ន ហើយកងទ័ពរាប់ពាន់នាក់ បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះនៅក្នុងខេត្តនេះ។

នៅក្នុងវីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយ គេឃើញផ្លូវថ្នល់ត្រូវបានទឹកជន់លិចក្នុងជម្រៅត្រឹមជង្គង់ ហើយស្ថានីយរថភ្លើងក្រោមដី ត្រូវបានទឹកជន់លិចដល់ដើមទ្រូងនៅក្នុងទីក្រុងចឹងចូវ។

ការិយាល័យអាកាសធាតុខេត្តបានឱ្យដឹងថា កម្រិតទឹកភ្លៀងធ្លាក់ក្នុងរយៈពេល ៣ថ្ងៃកន្លងមកគឺមិនធ្លាប់កើតមានទេនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងនេះ។

ភ្លៀងធ្លាក់ថែមទៀតត្រូវបានព្យាករថានឹងកើតមាននៅទូទាំងខេត្តហេណាន ក្នុងអំឡុងពេល ៣ថ្ងៃទៅមុខទៀត ហើយកងទ័ពរំដោះប្រជាជនបានបញ្ជូនទាហាន និងបុគ្គលិកជាង ៥ពាន់៧រយនាក់ទៅជួយក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះ។

ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ដូចទៅនឹងបាតុភូតធម្មជាតិរលកកម្ដៅដែលបានវាយប្រហារអាមេរិក និងកាណាដានាពេលថ្មីៗកន្លងមក និងគ្រោះមហន្តរាយទឹកជំនន់ដ៏ធំនៅអឺរ៉ុបខាងលិចទឹកភ្លៀងដែរ, ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចិននាពេលនេះ គឺពិតជាមានជាប់ទាក់ទងទៅនឹងការឡើងកម្ដៅរបស់ភពផែនដី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម