Connect with us

មូលហេតុចម្បង ៣ ដែលបណ្ដាលឱ្យមានការផ្ទុះកូវីដ១៩ នៅតាមវត្តអារាម

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុន្នី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ពីមូលហេតុចម្បងៗចំនួន ៣ ដែលធ្វើឱ្យជំងឺកូវីដ១៩ឆ្លងដល់សហគមន៍ព្រះសង្ឃ ជាពិសេសក្នុងវត្តអារាមក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ បានពន្យល់ថា មូលហេតុចម្បងទី១ គឺដោយសារកូនសិស្សព្រះសង្ឃដែលមកស្នាក់នៅសិក្សារៀនសូត្រក្នុងវត្ត ហើយពួកគាត់ បានឆ្លងមកពីកន្លែងធ្វើការ មកកាន់ព្រះសង្ឃ។

មួយវិញទៀត អាចារ្យគណៈកម្មការវត្ត ដែលមានទំនាក់ទំនងជាមួយពុទ្ធបរិស័ទខាងក្រៅ ដូចជាការយកចង្ហាន់ ឬបរិក្ខារផ្សេងៗប្រគេនដល់ព្រះសង្ឃ ក៏ជាមូលហេតុផងដែរ។

កត្តាទី៣ គឺ ព្រះសង្ឃផ្ទាល់ បាននិមន្តទៅជួប ឬក៏សួរសុខទុក្ខញាតិញោមដែលមានជំងឺកូវីដ១៩ តែព្រះអង្គមិនបានដឹងថាបានផ្ទុកកូវីដ១៩ ហើយក៏បានចម្លងបន្តមកកាន់សហគមន៍វត្តអារាម ដែលនេះគឺជាប្រភពចម្លងដ៏សំខាន់។

លោក សេង សុមុន្នី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ជំងឺកូវីដ១៩ បានឆ្លងដល់ព្រះសង្ឃក្នុងរាជធានីភ្នំពេញចំនួន ៧វត្ត ហើយបើយោងតាមរបាយការណ៍ដែលក្រសួងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍មុន ពោលគឺក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ស្ថិតិព្រះសង្ឃព្រះពុទ្ធសាសនា ដែលឆ្លងជំងឺកូវីដ១៩ មានចំនួន ២៣៩អង្គ ហើយបានសុគតចំនួន ២អង្គ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧០.៤១៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦២.៥៧៧នាក់ និងស្លាប់សរុបចំនួន ១.១៨៨នាក់៕

អត្ថបទ៖ អ៊ាង គង្គា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម