Connect with us

ក្រសួងប្រៃសណីយ៍៖ ក្រុមហ៊ុន Smart អនុវត្តខុសពីនីតិវិធីក្នុងការបើកលេខ និងផ្តាច់លេខអតិថិជនកំពុងប្រើ លក់ឱ្យអ្នកផ្សេង

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១នេះ រកឃើញថា ក្រុមហ៊ុន ស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានកាត់ផ្តាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើការអនុវត្តខុសនឹងនីតិវិធីក្នុងការបើកលេខទូរសព្ទជូនអតិថិជន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជន អំពីការចាត់វិធានការលើក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ដូចខាងក្រោម៖

ទី១៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវធ្វើការសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ខាងលើ កើតមានសារជាថ្មីម្តងទៀត។
ទី២៖ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី ត្រូវផ្តល់សំណងនៃការខូចខាតដល់ម្ចាស់ដើមចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធីក្នុងការបិទលេខទូរសព្ទ ពីអតិថិជនដែលកំពុងប្រើប្រាស់។
ទី៣៖ ម្ចាស់ដើមមានសិទ្ធិទទួលបានលេខទូរសព្ទនោះមកប្រើប្រាស់វិញ។

ទី៤៖ រាល់បុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ក្រសួងប្រៃសណីយ៍ ក៏បានរំលឹកដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយ និងលក់ស៊ីមកាត ទូរសព្ទចល័ត ឱ្យបានត្រឹមត្រូវជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះកើតឡើង។ ក្រសួងនឹងបន្តតាមដាននិងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តណា ដែលបានប្រព្រឹត្តខុស៕
ដោយ៖ អៀវ ឈៀងនី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម