Connect with us

ភ្ញៀវទេសចរ ដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា មានការកើនឡើង លើកលែងតែនៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានា ក្នុងពិធីបុណ្យអុំទូកឆ្នាំ២០១៨ មានការកើនឡើងស្ទើរគ្រប់កន្លែង ប៉ុន្តែ ខេត្តព្រះសីហនុ ដែលជាតំបន់ទេស ចរណ៍មាត់សមុទ្រ មានការធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ។ បើតាមការអោយដឹងពីមន្រ្តីទេសចរណ៍ និង ទីភ្នាក់ងារសេវាកម្មទេសចរណ៍ បានអោយដឹងថា នៅរាជធានីភ្នំពេញ មានការកើនឡើងជិត ៥០ ភាគរយ ហើយតំបន់ភូមិភាគឥសាន ក៏មានការ ទៅដើរលេងកម្សាន្តច្រើនពីសំណាក់ភ្ញៀវទេសចរ ។
បើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃ ក្នុងរាជធានីភ្នំពេញ មានប្រជាជនក្នុងស្រុក ៤,៥ លាននាក់ បានចូលរួមពិធីបុណ្យប្រពៃណីជាតិនេះ ខណៈភ្ញៀវទេសចរបរទេស មានប្រហែល ១២,០០០ នាក់។ ស្របពេលនោះដែរ ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្ត មានប្រមាណ ៩២ ម៉ឺននាក់ ដោយក្នុងនោះ ប្រជាជនក្នុងស្រុកមាន ៨៤ ម៉ឺននាក់ កើនឡើង ១៥,៣ ភាគរយ ហើយជនបរទេសមាន ៨ ម៉ឺននាក់ កើនឡើង ១៨,៥ ភាគរយ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការលើកកម្ពស់គុណភាពសេវាកម្ម តម្លៃ និង ស្ថិរភាពនយោបាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍។


លោកស្រី បានអោយដឹងថា ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅភូមិភាគឦសាន បានកើនឡើងច្រើន នាអំឡុងបុណ្យអុំទូកឆ្នាំនេះ ដោយសារនៅទីនោះមានផលិតផលសេវាកម្ម និងធម្មជាតិស្រស់ត្រកាលជាច្រើន ។
ទោះយ៉ាងណា លោកស្រី បានអះអាងថា ខេត្តព្រះសីហនុ មានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើន ដោយសារតែនៅក្រុងព្រះសីហនុ មានចំនួនភ្ញៀវទេសចរជនជាតិចិនច្រើន កំពុងស្នាក់នៅ ដែលធ្វើឲ្យគេពិបាករកកន្លែងស្នាក់នៅ និងម្ហូបអាហារមានតម្លៃខ្ពស់។
តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ បានអោយដឹងថា រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំនេះ ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរប្រមាណ ៦៣,០០០ នាក់ ថយចុះ ២៥,៨៨ ភាគរយបើធៀបនឹងឆ្នាំមុន។ ក្នុងនោះភ្ញៀវ ក្នុងស្រុកមានប្រមាណ ៥០,២៣០ នាក់ថយចុះ ៣២,០៧ ភាគរយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម