Connect with us

ព្យុះទីហ្វុង អ៊ីនហ្វា បង្កការប៉ះពាល់ជាង៣សែននាក់ ក្រោយទឹកជំនន់សម្លាប់មនុស្សប្រហែល៦០នាក់នៅចិន

ចិន៖ មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ចិន ទីក្រុងស៊ាងហៃ និងតំបន់ឆ្នេរនៅក្បែរៗនោះ បានលុបចោលជើងហោះហើរទាំងអស់ និងបន្ថយឬផ្អាកដំណើរការរថភ្លើងក្រោមដី និងផ្អាកអាជីវកម្មនានា ខណៈព្យុះទីហ្វុងឈ្មោះ អ៊ីនហ្វា បានបក់បោកចូលទៅប្រទេសចិន និងបង្កឱ្យមានការបាក់ដី នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

ព្យុះទីហ្វុងអ៊ីនហ្វា បានបក់បោកចូលទៅទីក្រុងជូសាន ដែលជាកំពង់ផែដ៏សំខាន់មួយនៅឆ្នេរខាងកើត ខេត្តចឺជាំង នៅម៉ោង ១២ និង ៣០ នាទី កាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយមចិន បានព្យាករថា ភ្លៀងនឹងធ្លាក់ក្នុងកម្រិត ២៥០-៣៥០ មីល្លីម៉ែត្រ។

ព្យុះនេះ នឹងបក់បោកនៅភាគកណ្តាល ប្រទេសចិន ដែលបានរងគ្រោះមហន្តរាយ ទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨ នាក់ ផ្ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យមានការជម្លៀសប្រជាជនជាង ១ លាននាក់ កាលពីសប្ដាហ៍មុន។

ទីក្រុងសៀងហៃ ដែលមានប្រជាជនប្រមាណ ២៦ លាននាក់ និងទីក្រុងហាំងចូវ នៅភាគខាងត្បូង បានលុបចោលជើងហោះហើរទាំងក្នុងនិងក្រៅប្រទេស កាលពីថ្ងៃសៅរ៍ ហើយសេវាកម្មរថភ្លើងជាច្រើននៅក្នុងតំបន់ក៏ត្រូវបានផ្អាកផងដែរ។ ប្រជាជនប្រហែល ៣៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ សារព័ត៌មានចិន បានរាយការណ៍ថា ខ្យល់មានល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមជម្រាបថា ទឹកជំនន់នៅទីក្រុងចឹងចូវ ភាគកណ្ដាលប្រទេសចិន កាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ១២ នាក់ដែលជាប់នៅក្នុងប្រព័ន្ធរថភ្លើងក្រោមដី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម