Connect with us

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ស្នើវិនិយោគិនបារាំង ធ្វើការវិនិយោគលើវិស័យសំខាន់ៗចំនួន៤

ប្រទេសបារាំង ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើរអោយវិស័យឯកជនបារាំង ធ្វើការវិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា គឺ៖ វាយនភណ្ឌ, កសិកម្ម, ម្ហូបអាហារកែច្នៃ និងទេសចរណ៍ ដើម្បីធ្វើពិពិធកម្ម (ពង្រីក) ឱកាសការងារជូនប្រជាជន និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
ការស្នើរនេះ បានធ្វើឡើង នាទីក្រុងប៉ារីស ខណៈ ឯកឧត្តម រដ្ឋមន្ត្រី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក ហ្សង់ ព្យែររ៉ាហ្វារាំង (Jean-Pierre Raffarin) ប្រធានមូលនិធិ Foundation Prospective Innovation (FPI) ។
ក្នុងជំនួបនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្រាប់ លោក ហ្សង់ ព្យែររ៉ាហ្វារាំង អំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា គោលនយោបាយសម្រាប់វិនិយោគិន និងយុទ្ធសាស្ត្រចតុកោណថ្មី ដំណាក់កាលទី៤ ដែលផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងថែមទៀត នូវអភិបាលកិច្ចល្អ ដើម្បីពង្រឹងកំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅឆ្លើយតបនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន ។


ឯកឧត្តម ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រួលគម្រោងវិនិយោគនានា ក៏ដូចជា ការបន្តលើកកម្ពស់បរិយាកាសធុរកិច្ច និង កិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជននៅក្នុងប្រទេស ។
ជាការឆ្លើយតប លោក ហ្សង់ ព្យែររ៉ាហ្វារាំង បានសន្យា នឹងជួយកៀងគរវិនិយោគិនបារាំង ឱ្យចូលមកបណ្តាក់ទុនលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។
បន្ថែមលើនេះ លោក ហ្សង់ ព្យែររ៉ាហ្វារាំង ក៏បានសន្យា នឹងដឹកនាំប្រតិភូវិនិយោគិនបារាំង មករៀបចំវេទិកាជំនួបធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នារដូវក្តៅឆ្នាំ២០១៩ ខាងមុខ អមជាមួយព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មផ្សេងៗ ឱ្យបានយ៉ាងតិចមួយដង ក្នុងមួយឆ្នាំ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម