Connect with us

ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨ រំពឹងទទួលទិន្និផលខ្ពស់ជាងឆ្នាំមុន

ភ្នំពេញ ៖ ការបង្កបង្កើនផលស្រូវវស្សារបស់កម្ពុជាឆ្នាំនេះ អនុវត្តលើសផែនការដែលបានគ្រោងទុក ដោយសារឆ្នាំនេះសម្បូរទឹកភ្លៀងធ្លាក់ជោគជាំ រាយប៉ាយស្ទើរពាសពេញផ្ទៃប្រទេស ដែល ផ្តល់ក្តីរំពឹងសម្រាប់កសិករ ក្នុងការទទួលបានទិន្ននិផលខ្ពស់ និង សម្រាប់បម្រើដល់ការនាំចេញអង្ករ ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា គិតមកទល់នឹងពេលនេះ ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ ២០១៨ បានបិទបញ្ចប់ជាស្ថាពរហើយដោយ សម្រេចបានជាង ២,៧៣លានហិកតា ស្មើនឹង ១០៨,៨៣ភាគរយ នៃផែនការដាំដុះ។
ចំណែកល្បឿននៃការប្រមូលផលដំណាំស្រូវរដូវវស្សា គឺស្មើនឹង ៣២,៣៩ភាគរយ នៃផ្ទៃដីអនុវត្តខណៈដែលល្បឿនការងារបង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០១៨ អនុវត្តបាន ជាង១៤ម៉ឺន ហិកតា ស្មើនឹង ៣១,៤១ភាគរយនៃផែនការ ។


ឯកឧត្តម ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញក្តីរំពឹងថា ទិន្និផលស្រូវវស្សាឆ្នាំនេះ នឹងកើនលើសឆ្នាំមុន ដោយសារតែស្ថានភាពទឹកភ្លៀងឆ្នាំនេះ ធ្លាក់រាយប៉ាយស្ទើរទូទំាងប្រទេស ដែលអនុគ្រោះដល់ការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ បើទោះបីឆ្នាំនេះ នៅតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួតក៏ដោយ។
ឯកឧត្តម បានកត់សម្គាល់ថា ការដាំដុះស្រូវវស្សានៅបណ្តាខេត្តភាគពាយព្យ និងភាគខាងត្បូងប្រទេសឆ្នាំនេះ មានភាពអំណោយផលល្អ បន្ទាប់ពីទទួលទឹកភ្លៀងបានគ្រប់គ្រាន់ ហើយវាអាច ផ្តល់ផលខ្ពស់ជាងឆ្នាំមុន ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ។
ទន្ទឹមនឹងលទ្ធផលទទួលបានគួរជាទីមោទនៈនេះ ក្រសួងកសិកកម្ម ក៏បានអោយដឹងផងដែរថា ផលិតកម្មស្រូវ ក៏បានជួបប្រទៈនូវគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ដែលធ្វើឲ្យថ្លៃដីដំណាំស្រូវទទួលផលប៉ះពាល់សរុបប្រមាណជាង ២៩ម៉ឺនហិកតា ស្មើនឹង ១០,៦ភាគរយ នៃផ្ទៃដីបានដាំដុះ និងបានបណ្តាលឲ្យខូចខាតដំណាំស្រូវសរុបប្រមាណជាង ១០ម៉ឺន ហិកតា ស្មើនឹង ៣,៦ភាគរយ នៃផ្ទៃដីបានដាំដុះ ។ ក្នុងនោះខូចខាតដោយរាំងស្ងួតមានប្រមាណជាង ៣ម៉ឺន ៥ពាន់ហិកតា និងទឹកជំនន់ប្រមាណជាង ៦ម៉ឺន ៥ពាន់ហិកតា។


គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានធ្វើការណែនាំដល់គ្រប់អង្គភាពក្រោមឳវាទ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីណែនាំដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់ផលិតកម្មដំណាំស្រូវឲ្យអនុវត្តវិធាន ការចាំបាច់មួយចំនួនដើម្បីរក្សាទឹកក្នុងស្រែនាចុងរដូវវស្សា និងរដូវប្រាំង ព្រមទាំងកាត់បន្ថយការបាត់បង់ស្រូវអង្ករ ទាំងបរិមាណ និងគុណភាព ។
សូមជម្រាបថា ការប្រមូលផលស្រូវវស្សា និងប្រាំង សម្រាប់ឆ្នាំ ២០១៧-២០១៨ សម្រេចបានជាង ១០លានតោន ដែលក្នុងនោះ កម្ពុជាអាចនៅសល់ស្រូវប្រមាណ ៥លានតោន សម្រាប់បម្រើឲ្យការកែច្នៃជាអង្ករនាំចេញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម