Connect with us

ក្រសួង អោយម្ចាស់សហគ្រាសផលិតក្នុងស្រុក ផ្តោតលើការច្នៃប្រឌិតទាំងការវេចខ្ចប់ និង សង្វាក់តម្លៃ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជម្រុញលើកទឹកចិត្ដដល់ម្ចាស់សហគ្រាសផលិតផលក្នុងស្រុក ខិតខំច្នៃប្រឌិតអោយកាន់តែប្រសើរឡើង ជាពិសេសលើសង្វាក់ តម្លៃ ដើម្បីអាចធ្វើការប្រកួតប្រជែងបាននៅលើទីផ្សារ ។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានលើកឡើងថា សង្វាក់តម្លៃ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញផលិតកម្មឲ្យដើរទៅរកភាពរីកចម្រើន។ ទន្ទឹមនឹងនោះ ការច្នៃប្រឌិតលើការវេចខ្ចប់ឲ្យកាន់តែមានសោភ័ណភាព ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ក៏កាន់តែមានសារៈសំខាន់ដើម្បីធានានិរន្តរភាពទីផ្សារ ពីព្រោះពិភពលោកនានាពេលបច្ចុប្បន្ននេះ មានការផ្លាស់ប្តូរលឿន ដែលអ្វីៗមិនស្ថិតនៅស្ងៀមនោះទេ។


បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអោយដឹងថា សហគ្រាសធុនតូច និង ធម្យម នៅទូទាំងប្រទេស ដែលបានចុះបញ្ជីរួច មានចំនួន ជាង៥១ម៉ឺន ហើយចំនួន នេះ អាចមានការកើនឡើង ដោយសារតែសហគ្រាសមួយចំនួន នៅមិនទាន់ចុះបញ្ជីរ ។
ជាមួយគ្នានេះ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា បានជួយផ្ដល់ការងារប្រមាណ ពី៤០ទៅ៥០ភាគរយ នៃចំនួនអ្នកមានការងារសរុបនៅកម្ពុជា ។ ដូច្នេះវាបានផ្ដល់នូវប្រយោជន៍ខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ ប៉ុន្តែវិស័យនេះ នៅតែជួបបញ្ហាប្រឈមជាច្រើន ។
បញ្ហាមួយដែលកំពុងមានការព្រួយបារម្ភនោះ គឺការប្រកួតប្រជែងក្នុងទីផ្សារសេរី ខណៈដែលសហគ្រាសធុនតូច និងមធ្យមជាច្រើន នៅមានកង្វះទុនក្នុងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន និង ការបំពាក់នូវបច្ចេកវិទ្យាអោយទាន់ការវិវត្តន៍នៃទីផ្សារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម