Connect with us

ជប៉ុនចែកគ្នាម្នាក់១ពិន្ទុ នឹងសេណេហ្គាល់ ខណៈ ប៉ូឡូញចាញ់កូឡុំប៊ីធ្លាក់ចេញពី FIFA World Cup

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ នៅតែបន្តក្តីសង្ឃឹមឡើងទៅវគ្គ១៦ក្រុម ពាន FIFA World Cup 2018 ក្រោយចែកគ្នាម្នាក់១ពិន្ទុ នៅជុំទី២ វគ្គសន្សំពិន្ទុពូល H កាលយប់មិញ។

សមរភូមិវាលស្មៅនាទីលាន Central Stadium, Sadio Mane ជាអ្នកទាត់នាំមុខអោយ សេណេហ្គាល់ នៅត្រឹមនាទី១១ ប៉ុន្តែ Takashi Inui របស់ជប៉ុន តាមស្មើវិញនៅនាទី៣៤។ មកដល់នាទី៧១ Moussa Wague បាននាំមុខជាថ្មីអោយសេណេហ្គាល់ តែ ៧នាទីបន្ទាប់ ពោលគឺនាទី៧៨ Keisuke Honda តាមសងស្មើវិញម្តងទៀត មុនចប់ការប្រកួតដោយលទ្ធផល ២-២ តែម្តង។

១គូទៀត នៅពូល H នេះដែរ គឺជាការប៉ះគ្នារវាងកូឡុំប៊ី និង ប៉ូឡូញ។ ជំនួបនាទីលាន Kazan Arena ដែលមានអ្នកទស្សនាផ្ទាល់ដល់ទៅ ៤ម៉ឺន២ពាន់នាក់ កីឡាករ Yerry Mina ជាអ្នកបំប៉ោងសំណាញ់ទីបើកឆាក ពេលការប្រកួតអូសបន្លាយដល់នាទី ៤០ទៅហើយ។ ប៉ូឡូញប្រឹងបុកសម្រុកវិញដែរ តែមិនបានផ្លែផ្កា។ លុះដល់នាទី ៧០ Radamel Falcao បានស៊ុតគ្រាប់ទី២ អោយកូឡុំប៊ីទៀត ដែលជាគ្រាប់ដំបូងរបស់គេ ផងដែរ។

៥នាទី ក្រោយមក កូឡុំប៊ីរកឃើញភាពរីករាយតែម្តង ក្រោយ Juan Cuadrado បន្ថែមគ្រាប់ទី៣ យកឈ្នះ ប៉ូឡូញទាំងស្រុង គឺ៣ទល់នឹង០។ ក្នុងពូល H គឺ ជប៉ុន និង សេណេហ្គាល់ មាន៤ពិន្ទុ ដូចគ្នា កូឡុំប៊ីមាន៣ពិន្ទុ រីឯប៉ូឡូញមាន០ពិន្ទុ រលាយក្តីសង្ឃឹមឡើងទៅវគ្គ១៦ក្រុម។ ប៉ូឡូញនៅតែចាំជួបបង្គ្រប់កិច្ចជាមួយ ជប៉ុន នៅថ្ងៃព្រហស្បត្តិ៍ប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម