Connect with us

កម្ពុជា អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ ផ្តល់ជំនួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការអនុវត្តសេដ្ឋកិច្ចពណ៌ខៀវ ប្រកបដោយចីរភាព

ភ្នំពេញ ៖ កម្ពុជា អំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ ឱ្យបង្កើនកិច្ចសហប្រត្តិការកិច្ចព្រមព្រៀងទ្វេរភាគី ឬ ពហុភាគីក្នុងការគាំទ្របច្ចេកទេស និងថវិកាដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងអនុវត្តសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយចីរភាព សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តម វ៉ាន់ មុនីនាថ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នៅឯសន្និសីទជាន់ខ្ពស់ ស្តីពីសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយចីរភាព ដោយមានការចូលរួមពីរដ្ឋជាសមាជិក អង្គការសហប្រជាជាតិចំនួន ១៨០ ប្រទេស អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន អ្នកជំនាញ និង គ្រឹះស្ថានសិក្សាសរុបជាង ១៤០០០នាក់ នៅប្រទេសកេនយ៉ា។


ឯកឧត្តម វ៉ាន់ មុនីនាថ បានថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មបៃតង យុទ្ធសាស្រ្តបរិស្ថានជាតិ និង ផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ការបង្កើតក្រមបរិស្ថាន និងការធ្វើទំនើបកម្មស្ថាប័ន។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា បានបង្កើតឧទ្យានជាតិសមុទ្រដ៏ធំមួយ ដើម្បីការពារកោះ ផ្កាថ្ម និងធនធានជីវៈចម្រុះ ហើយកំពុងបន្តវាយតម្លៃតំបន់ផ្សេងៗទៀត ក្នុងការបង្កើតបន្ថែមតំបន់ឧទ្យានសមុទ្រ រួមទាំងកំពុងការចាត់វិធានការដោយបទបញ្ញត្តិលើផលិតកម្ម ការបែងចែក ការប្រើប្រាស់ ការកែច្នៃថង់ប្លាស្ទិក និងការគ្រប់គ្រង សំណល់រឹង-រាវ ដើម្បីទប់ស្កាត់ការបំពុលបរិ ស្ថានសមុទ្រ។


ឯកឧត្តមបន្តថា កម្ពុជា មានជំនឿថា ការកំណត់អាទិភាព កិច្ចសហប្រតិបត្តិការ ការបង្កើត និងចែករំលែកព័ត៌មាន និងការកែច្នៃបច្ចេកវិទ្យា គឺជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយការបំពុលសមុទ្រ និងការអភិវឌ្ឍដោយចីរភាព ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រចបង្កើតឧទ្យានជាតិកោះរ៉ុងដើម្បីធានាការថែរក្សានិងការពារសោភណភាពធម្មជាវប្បធម៌ប្រព័ន្ធអេកូឡូស៊ី និង ជីវចម្រុះលើកោះនិងបរិវេណសមុទ្រជុំវិញ។
បើតាមអនុក្រឹត្យទីតាំងនៃឧទ្យានជាតិនោះរួមមាន៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះម្ចាស់ក្រៅ កោះម្ចាស់ក្នុង និងសមុទ្រជុំវិញ ដែលមានផ្ទៃសរុប ៥២៤៤៨ ហិកតា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនិងខេត្តកោះកុងដែលក្នុងនោះផ្ទៃដីមាន ៥៣១១ ហិកតានិងផ្ទៃទឹកសមុទ្រទំហំ ៤៧១៣៧ ហិកតា។
យ៉ាងណាក៏ដោយឧទ្យានជាតិសមុទ្រនេះ មិនរាប់បញ្ចូលដីកម្មសិទ្ធិឯកជននិងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈទេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម